Connect with us

ព័ត៌មាន

កម្ពុជា-ជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន គាំទ្រដល់​អភិវឌ្ឍន៍​នៅកម្ពុជា

កម្ពុជា-ជប៉ុននិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្ដីពីកិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍ និង គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើវិស័យឌីជីថល ជា​ពិសេស​បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ការ អភិវឌ្ឍធនធានមនុស្ស និង​វិស័យ​មួយចំនួនទៀត គាំទ្រដល់ចក្ខុវិស័យក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា នៅក្នុង កិច្ចពិភាក្សាកម្រិតគោលនយោបាយ​ស្តីពីហិរញ្ញប្បទាន​សហ​ប្រតិ​បត្តិការ​​អភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី, បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជប៉ុន និងបាន​ថ្លែង​អំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រ​ដល់​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស តាមរយៈការតម្លើងកម្រិតទំនាក់​ទំនង​ទ្វេភាគី ទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការដាក់ចេញនូវគោលនយោបាយ ស្ដីពី កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា សំដៅរួមចំណែក​គាំទ្រ​កម្ពុជា​សម្រេច​បាន​នូវចក្ខុវិស័យក្នុងកិច្ច អភិវឌ្ឍន៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់​ជំនួយ​មនុស្ស​ធម៌ ដើម្បីជួយដល់ជនភៀស សឹកនៅតាមព្រំដែន និងគាំទ្រដល់អនុវត្តកម្មវិធីជំនួយសង្គម សម្រាប់​ការ​ស្តារជីវភាព និងកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។

ជាការឆ្លើយតប, ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុ​នប្រចាំកម្ពុជា បាន សម្តែងក្តីសោមន្សរីករាយ ចំពោះការស្វាគមន៍យ៉ាង​កក់ក្តៅ​របស់​កម្ពុជា ក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៥នេះ និងបានវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ដែលសម្រេចបានកន្លងមក និង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តពូនជ្រំកម្ពុជា ឱ្យសម្រេចបាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើ​វឌ្ឍនភាពរួមគ្នាដោះស្រាយបញ្ហា ប្រឈម ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការ​អភិវឌ្ឍន៍​នា​ពេល​កន្លងមក និងបានពិភាក្សាលើវិស័យអាទិភាព និងគំនិតផ្តួចផ្តើមថ្មី សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នាពេលអនាគត។ ជាលទ្ធផលភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ច​សហ​ប្រតិបត្តិការ តាមរយៈ ការបន្តអនុវត្តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង​គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់, ការអភិវឌ្ឍ​ធនធាន​មនុស្ស, ការបោស សម្អាតមីន, និងបច្ចេកវិទ្យាព័ត៌មាន ដែលអាទិភាពទាំងនេះ មាន​សង្គតិភាព​ជាមួយគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia