ព័ត៌មាន
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថានធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់ទីកន្លែង។
ឯកឧត្តម បានថ្លែងថា អំណោយទាំងនោះអាចសម្រាលទុក្ខលំបាកបងប្អូនបានមួយកម្រិត ហើយជាការបង្ហាញ ការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងនាមជាតំណាងរាស្ត្រ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ រាល់ពេលមានទុក្ខលំបាក ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងខិតខំបំពេញការខ្វះខាតដូចភ្លៀងរលឹម ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ទន្ទឹមនេះឯកឧត្តម បានថ្លែងនូវការកោតសរសើដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ និងសូមឱ្យបង្កើននូវការខិតខំជួយមន្ថែម ទៀតទៅលើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខ និងភាពអសន្តិសុខនានា ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការរីកចម្រើនរបស់ភូមិ ឃុំ ក៏ដូចជា សង្គមជាតិយើងទាំងមូល។
ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើង អំពីការវិវត្តថ្មីៗ នៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជាដើមហេតុនាំឱ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត និងបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលធ្លាប់រស់យ៉ាងសុខក្សេមក្សាន្តតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងជាតិដ៏រឹងមាំ ជាពិសេស យើងត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ក៏ដូចជាពង្រឹងសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រកបកិច្ចការងារ ដើម្បីកែប្រែជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវអប់រំកូនចៅឱ្យបានទៅសិក្សារៀនសូត្រទទួលបានចំណេះជំនាញជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូល និងសូមថែទាំសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវអនាម័យ ជាពិសេស ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់អំពីបញ្ហាអគ្គីភ័យ ព្រោះរដូវនេះ ជារដូវប្រាំងដែលងាយបង្កឱ្យកើតជាគ្រោះអគ្គីភ័យ ជាយថាហេតុក៏ថាបាន។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដម លន់ លឹមថៃ បានផ្តល់សម្ភារៈ និងថវិកាជូនពលរដ្ឋជួបការលំបាកទាំង ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ មី ១កេស សម្ភារៈប្រើប្រាស់ ១ឈុត និងថវិកាចំនួន ២ម៉ឺនរៀល។ ជូនប្រជាការពារចំនួន ៦នាក់ និងមេភូមិចំនួន ១៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល។ សរុបការចំណាយថវិកាអស់ចំនួន ១៤,១០០,០០០រៀល៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន