ព័ត៌មាន
ប្រមុខការទូតកម្ពុជាបកអាក្រាតទង្វើឈ្លានពានរំលោភសិទ្ធិពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបកអាក្រាតទង្វើឈ្លានពាន មិនគោរបច្បាប់អន្តរជាតិ និងមិនគោរពសិទ្ធិមនុស្សរបស់កងទ័ពថៃ ដែលបានឈ្លានពាន បាញ់ប្រហារ រំលោភសិទ្ធិពលរដ្ឋកម្ពុជា ក្នុងសង្គ្រាមចំនួនពីរលើកកន្លងមក កាលពីពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ ចំពោះមុខ សម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងប្រាប់ សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ថា នៅពេលដែលយើងកំពុងពង្រឹងវឌ្ឍនភាពផ្ទៃក្នុង និងការអភិវឌ្ឍរបស់យើង ប្រតិបត្តិការយោធាថៃនៅពាក់កណ្តាលឆ្នាំ២០២៥ និងចុងឆ្នាំ២០២៥ បានពង្រីកទៅតំបន់ព្រំដែនជាច្រើន ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិលរបស់យើង ផលវិបាកដែលធ្លាក់ចូលទៅក្នុងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។
ឯកឧត្តមប្រមុខការទូតកម្ពុជា បានថ្លែងថាបទឈប់បាញ់លើកទីពីរដែលសម្រេចបានកាលពីចុងឆ្នាំ២០២៥ នៅតែមាន ប៉ុន្តែនៅមានភាពផុយស្រួយ។ ចាប់តាំងពីពេលនោះមក ទីតាំងយោធាត្រូវបានបង្កើតឡើងលើសពីទីតាំងដែលថៃធ្លាប់អះអាង ហើយចូលមកក្នុងទឹកដីកម្ពុជា។

ឯកឧត្តមបានបន្តថា នៅក្នុងភូមិមួយចំនួនតាមព្រំដែនដែលថៃកាន់កាប់ មានជនស៊ីវិលត្រូវបានបណ្តេញចេញពីផ្ទះដោយបង្ខំ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធាថៃត្រូវបានសាងសង់ហើយផ្លូវចូលត្រូវបានបិទដោយលួសបន្លា និងទូកុងតឺន័រ រារាំងការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលកម្ពុជា ដែលបំពានលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមថា កម្រិតអរិភាពខ្ពស់នៅពេលនោះ ដោយមានជនភៀសសឹកជិត ៦៥ ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ។ នាពេលបច្ចុប្បន្ននេះ ជនភៀសសឹកប្រមាណ ៨ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្គត់ធ្ងន់ថា ក្នុងអំឡុងពេលនេះ កម្ពុជាបានបង្ហាញពីការអត់ធ្មត់ជាទីបំផុត និងស្មារតីទទួលខុសត្រូវខ្ពស់តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការធានាបន្តនូវសេវាសំខាន់ៗសម្រាប់ជនភៀសសឹករបស់ខ្លួន និងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះបទឈប់បាញ់ និងការសន្ទនាដោយសន្តិវិធី ដើម្បីវិលទៅរកភាពប្រក្រតីវិញ។ ការការពារសិទ្ធិមនុស្ស គឺមិនអាចបំបែកចេញពីសន្តិភាពបានទេ។
ក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា បន្តអំពាវនាវទៅភាគីថៃ ត្រូវគោរពឱ្យបានពេញលេញ និងអនុវត្តដោយស្មោះត្រង់លើកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយការដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់កងកម្លាំងថៃនេះ គឺជាឧបសគ្គចម្បងចំពោះការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង និងត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា មានតែតាមរយៈការប្រកាន់ខ្ជាប់បែបនេះទេទើបប្រជាជនប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕

-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ