ព័ត៌មាន
ចាប់ពីឆ្នាំ២០២២ដល់ពេលបច្ចុប្បន្នមានត្រីរាជ៥៨ក្បាលត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជាដោយសុវត្ថិភាព
ភ្នំពេញ៖ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ ចំនួន ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។ ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជ ទាំង ៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ នេះបើតាមរបាយការណ៍របស់ Wonders of the Mekong។
ត្រីរាជ (Pangasianodon gigas) កំណប់ដ៏មានតម្លៃដែលមានតែនៅក្នុងទន្លេមេគង្គរបស់ប្រទេសកម្ពុជា។ ទន្លេមេគង្គ មានវត្តមានត្រីមួយប្រភេទ ដែលមានតែនៅក្នុងតំបន់ទន្លេមេគង្គនេះ ជាត្រីដែលបានបង្ហាញពីប្រវត្តិសាស្ត្រ និងមរតកធម្មជាតិ ដែលបច្ចុប្បន្ននេះ វានៅមានជីវិត និងកំពុងតែហែលលេងយ៉ាងស្ងប់ស្ងាត់ នោះគឺ «ត្រីរាជ» Mekong giant catfish( Pangasianodon gigas)។
ត្រីរាជ មិនមែនត្រឹមតែជាត្រីដែលមានទំហំខ្លួនធំមហិមា ដែលនៅរស់លើភពផែនដីនេះនោះទេ វាក៏ជានិមិត្តរូបនៃប្រភេទត្រីដែលពុំមានរស់នៅក្នុងតំបន់ដទៃទៀត នៅលើពិភពលោកផងដែរ។ ត្រីរាជ ជាប្រភេទត្រីយក្ស វាបានបង្ហាញពីកេរដំណែលនៃអេកូឡូស៊ី វប្បធម៌ដ៏គួរឱ្យស្ញប់ស្ញែង ធម្មជាតិដ៏ស្រស់បំប្រង និងសុខភាពរបស់ទន្លេមេគង្គផងដែរ។
ជាច្រើនទស្សវត្សមកហើយត្រីរាជ បានធ្វើចរាចរពីទន្លេមេគង្គ ទៅបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្នុងរដូវវាស្សា ដើម្បីរកចំណី និងធំលូតលាស់។ ក្នុងនោះ ក៏មានត្រីរាជខ្លះ បានធ្វើចរាចរចុះទៅតំបន់វាលទំនាបលិចទឹក នៃតំបន់ដីសណ្តរមេគង្គ ក្នុងខេត្តព្រៃវែងផងដែរ។
ដោយសារវាអាចធំលូតលាស់ដល់ប្រវែង៣ម៉ែត្រ និងទម្ងន់ដល់ទៅ៣៥០គីឡូក្រាមឯណោះ ដូច្នេះ យើងអាចចាត់ទុកថា ត្រីរាជ ពិតជាស័ក្តសមនឹងងារជា «ត្រីយក្ស» យ៉ាងពិតប្រាកដ។ ខ្លួនរបស់វាមានសម្បុរសបែបទឹកប្រាក់នៅផ្នែកពោះ និងសម្បុរប្រផេះ នៅតាមបណ្តោយដងខ្លួនខាងលើ ចាប់ពីក្បាលដល់កន្ទុយ។ ត្រីរាជ មានដងខ្លួនទន់រលោង មិនមានឆ្នូត ចរឹតស្លូតបូត តែពោរពេញទៅដោយកម្លាំង និងអំណាច។ ដ្បិតតែត្រីរាជ មានមាឌដ៏ធំសម្បើម តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និងត្រីដទៃឯទៀតឡើយ។ ពេលនៅតូច ត្រីរាជ ពុំមានព្រុយពុកមាត់ និងមានធ្មេញតូចៗ។ ប៉ុន្តែពេលវាធំឡើង ព្រុយពុកមាត់ និងឆ្នូត ក៏ចាប់ផ្តើមរលុបបាត់អស់ នៅពេលវាមានប្រវែងដល់៣០ ទៅ៥០សង់ទីម៉ែត្រ។ ពេលនៅតូច ភ្នែកត្រីរាជ ស្ថិតនៅតាមបណ្តោយរង្វះមាត់។ ពេលធំពេញវ័យ ភ្នែករបស់វាធ្លាក់មកនៅក្រោមរង្វះមាត់។ កូនត្រីរាជ និងកូនត្រីប្រា មានលក្ខណៈស្រដៀងគ្នា ដែលជាហេតុធ្វើឱ្យមានការច្រឡំ និងត្រូវចាប់វាយកទៅលក់លាយឡំនឹងត្រីប្រា។
ត្រីរាជ រស់នៅក្នុងទន្លេធម្មជាតិ ហើយក៏អាចរស់នៅក្នុងស្រះចិញ្ចឹមត្រីបានផងដែរ។ មិនដូចជាត្រីប្រម៉ាញ់ឯទៀត ត្រីរាជស៊ីពពួកស្លែ ប្លង់តុង វារីជាតិ និងមមោកនៅបាតទន្លេធម្មជាតិ តែបើនៅក្នុងស្រះចិញ្ចឹមត្រី វាស៊ីកាកសំណល់ដែលសល់ពីត្រីផ្សេងៗ ។ ត្រីរាជ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងទន្លេមេគង្គ។ ទោះយ៉ាងណា ជីវិតត្រីរាជ នៅតែជាអាថ៌កំបាំង។ អ្នកស្រាវជ្រាវបានខិតខំស្វែងយល់អំពីដំណើរនៃការបង្កកំណើត ផ្លូវធ្វើចរាចរផ្លាស់ទី និងចំនួនប្រជាកររបស់ពួកវាផងដែរនៅផ្នែកខាងក្រោមខ្សែទឹកទន្លេមេគង្គ។
តាមការកត់ត្រារបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្របានអះអាងថា កាលពីអតីតកាលត្រីរាជ ជាប្រភេទត្រីធ្វើចរាចរណ៍ផ្លូវឆ្ងាយ ដែលអាចលាតសន្ធឹងរហូតដល់ជាង ៤០០០គីឡូម៉ែត្រ ពាសពេញដងទន្លេមេគង្គ ចាប់ពីខេត្តយូណាន ប្រទេសចិន ទៅដល់តំបន់ដីសណ្តមេគង្គ ក្នុងប្រទេសវៀតណាម។ នាពេលបច្ចុប្បន្ននេះ ដោយសារបាត់បង់ទីជម្រក ការនេសាទហួសកម្រិត ដូច្នេះ វាមិនអាចរស់នៅពាសពេញ ឬធ្វើចរាចរផ្លាស់ទីដោយសេរី ពាសពេញដែនទឹកទន្លេមេគង្គ ដូចមុនទៀតឡើយ។ ចំនួនត្រីរាជ បានធ្លាក់ចុះយ៉ាងគំហុក។ យោងតាមរបាយការណ៍វាយតម្លៃអំពីស្ថានភាពត្រីរាជ ដោយលោកបណ្ឌិត ហ្សេប ហូហ្គេន ក្នុងឆ្នាំ២០១១ បញ្ជាក់ថា ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤ ត្រីរាជ ស្ថិតនៅក្នុងកម្រិតងាយរងគ្រោះ។ រហូតដល់ឆ្នាំ១៩៩៦ ត្រីរាជបានឈានដល់កម្រិតកំពុងរងគ្រោះ។ ចាប់ពីឆ្នាំ២០០៣ ដល់ពេលបច្ចុប្បន្ន ត្រីរាជ បានឈានមួយកម្រិតគួរឱ្យព្រួយបារម្ភទៀត គឺដល់ជាប្រភេទរងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហម របស់អង្គការអាយូស៊ីអិន។ ការជួញដូរជាលក្ខណៈពាណិជ្ជកម្ម ត្រូវបានហាមឃាត់ទាំងស្រុង ក្រោមសន្ធិសញ្ញា «សាយតេស» ក្រោយឧបសម្ព័ន្ធ១ និងត្រូវបានចុះបញ្ជីក្រោមកិច្ចការការពារប្រភេទត្រីធ្វើចរាចរផ្លាស់ទី ក្រោមអនុសញ្ញាប្រភេទសត្វទេសន្តរប្រវេសន៍។ យោងតាមស្មារតីថែរក្សាការពារប្រភេទផលចាប់ និងផលិតផលជលផល កំពុងរងគ្រោះថ្នាក់ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រភេទត្រីរាជ ក្នុងចំណោមប្រភេទធនធានជលផលទឹកសាបទាំង ២៩ប្រភេទ សម្រាប់ទទួលការពារក្រោមអនុក្រឹតលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។
ការថយចុះនៃចំនួនប្រជាករត្រីរាជ នៅក្នុងធម្មជាតិ បានក្លាយជាក្តីបារម្ភមួយ។ ខណៈពេលដែលយើងការពារត្រីរាជ ប្រៀបដូចជាយើងការពារប្រព័ន្ធអេកូឡូស៊ីទន្លេ សន្តិសុខស្បៀង និងកេរដំណែលវប្បធម៌ «ជំនឿ» ផងដែរ។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្វើការងារជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មន្ត្រីមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានខិតខំំធ្វើសេចក្តីរាយការណ៍ ការឆ្លើយតបរហ័ស ការបំពាក់ស្លាក និងលែង ដើម្បីចូលរួមការពារត្រីរាជ ដែលកំពុងរស់នៅក្នុងដែនទឹកក្នុងប្រទេសកម្ពុជា។ យោងតាមកំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នា ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ ចំនួន ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។ ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជ ទាំង ៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។
ការលែងត្រីរាជ មួយក្បាលៗ ចូលក្នុងធម្មជាតិវិញ វាលើសពីការទទួលបាននូវសមិទ្ធិផលបែបវិទ្យាសាស្ត្រ។ វាជាសកម្មភាពនៃមោទកភាពជាតិ ការទទួលពរជ័យ និងសាមគ្គីភាព។ វាបង្ហាញឱ្យឃើញថា អ្នកនេសាទកម្ពុជា អ្នកស្រាវជ្រាវ មន្ត្រីជំនាញ និងសហគមន៍ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្នា ដើម្បីការពារត្រីរាជ។ វាមិនគ្រាន់តែជាត្រីរាជ ប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបមានជីវិត ដែលកំពុងបន្តរស់នៅក្នុងទន្លេមេគង្គកម្ពុជា កំពុងហែលជាមួយហ្វូងត្រីតូច-ធំដទៃទៀត។ វាក៏បានជួយក្រើនរំលឹកយើងផងដែរ ឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការការពារទន្លេរបស់យើង ស្បៀងអាហាររបស់យើង វប្បធម៌ និងការចែករម្លែកចំណេះដឹងពីអ្នកជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ៕






-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា6 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន3 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន6 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%