ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
ប្រទេសវៀតណាម៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម វៀង គួក ឌ័ន (Nguyễn Quốc Đoàn) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដោយមានការអញ្ជើញចូលរួមពីតំណាងទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងអធិការកិច្ច និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅទីស្ដីការ អធិការកិច្ចរដ្ឋាភិបាលវៀតណាម។
ថ្លែងក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជាថ្មីម្ដងទៀតជូនចំពោះ ឯកឧត្តម វៀង គួក ឌ័ន ដែលត្រូវបានតែងតាំងជាអគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ព្រមទាំងបានចូលរួមអបអរសាទរខួប ៨១ឆ្នាំ នៃទិវាឯករាជ្យជាតិវៀតណាម ដែលប្រព្រឹត្តទៅនាពេលកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រួមទាំងវិស័យអធិការកិច្ចដែលបានចាប់ផ្តើម និងពូនជ្រុំតាំងពីឆ្នាំ២០០៥ ដោយអតីតថ្នាក់ដឹកនាំក្រសួងមុនៗ ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដោយបន្តឈរលើមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការងារកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជា រដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពការងារគន្លឹះ និងសមិទ្ធផលសំខាន់ៗដែលក្រសួងអធិការកិច្ចសម្រេចបានតាមរយៈយុទ្ធសាស្ត្រ «ព៤ជ៤» ដូចជា ការចុះធ្វើអធិការកិច្ច, ការដោះស្រាយបណ្តឹងតវ៉ានិងបរិហារ, ការតាមដានការអនុវត្តច្បាប់, ការរៀបចំវេទិកាសាធារណៈ, ព្រមទាំងការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិទបទដ្ឋានគតិយុត្តនានា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអធិការកិច្ចវៀតណាម តាមរយៈការផ្លាស់ប្តូរបទពិសោធ ការបណ្តុះបណ្តាលមន្ត្រី និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់តម្លាភាព អភិបាលកិច្ចល្អ និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈនៃប្រទេសទាំងពីរ។










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង