កីឡា
កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
កម្ពុជាបាននឹងកំពុងឈរលេខរៀងទី១៩ ក្នុងតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី២០ នៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៤គ្រឿង។
សម្រាប់មេដាយបណ្ដោះអាសន្ន ដែលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានជូនជាតិ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការ រួមមានក្រុមកីឡាបាល់ទាត់លើតុ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី ឌី គឹមយាន លើវិញ្ញាសាឯកត្ដជននារី និងវិញ្ញាសាគូនារី ដោយកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាស។
ចំណែកមេដាយសំរឹទ្ធទី៣ រកបានដោយកីឡាការិនីគុនចម្រុះ ចេង ដាលីន លើវិញ្ញាសាគុនចម្រុះបុរាណផ្នែកនារីទម្ងន់ក្រោម ៦០គីឡូក្រាម បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញទល់នឹងកីឡាការិនីឆ្នើមរបស់អ៊ូបេគីស្ថាន Khiola Sobirova នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែសោកស្ដាយ ដាលីន បានបាត់បង់ឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីរងបរាជ័យទាំងប្រផិតប្រផើយក្នុងពិន្ទុ ២-០ ដែលនាំឲ្យកីឡាការិនីកម្ពុជារូបនេះ ទទួលបានបានត្រឹមមេដាយសំរឹទ្ធ។
រីឯមេដាយសំរឹទ្ធទី៤ ដណ្ដើមបានដោយកីឡាការិនីការ៉ាតេ វ៉ាន់ ចរិយា លើវិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៦១គីឡូក្រាម ក្រោយឆ្លងកាត់ ៣ប្រកួតដ៏ស្វិតស្វាញ ក្នុងចំណោមអត្តពលិក ១១ប្រទេសចូលរួម ក្នុងនោះប្រកួតទី១ កញ្ញាបានយកឈ្នះកីឡាការិនីហ្ស៊កដានី Naser Nourllah ដោយពិន្ទុ ៦-០ មុនភ្លាត់ចាញ់កីឡាការិនីកាហ្សាក់ស្ថាន Kanay Assel ក្នុងពិន្ទុ ០-៣ ។ ឈានដល់វគ្គដណ្ដើមមេដាយសំរឹទ្ធ កីឡាការិនីកម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីបង់ក្លាដេស Antora Humayraaa Akter ដោយពិន្ទុ ៥-០។
ជាមួយលទ្ធផលបណ្ដោះអាសន្នពេលនេះ បានធ្វើឲ្យកម្ពុជា ឈរលេខរៀងទី១៩ ក្នុងតារាងមេដាយបណ្ដោះអាសន្ន លើក្រុមអត្តពលិកកៀហ្ស៊ីស្ថាន, វៀតណាម, អារ៉ាប់រួម, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម គ្រាដែលប្រទេសកំពុងឈរកំពូលតារាងមេដាយ គឺចិន ដែលឈ្នះមេដាយសរុប ៣៨គ្រឿង (មាស ២៣ ប្រាក់ ១០ និងសំរឹទ្ធ ៥) លើក្រុមម្ចាស់ផ្ទះជប៉ុន ដែលឈរលេខ២ ឈ្នះមេដាយសរុប ៣២គ្រឿង (មាស៨ ប្រាក់ ១២ និងសំរឹទ្ធ ១២)។
គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទកីឡាចូលរួមការប្រកួតកីឡាអាស៊ី ឆ្នាំនេះ ក្នុងនោះមានកីឡាមួយចំនួន បានបញ្ចប់ និងត្រឡប់មកដល់មាតុភូមិវិញ តែមានអត្តពលិកជាច្រើន ដែលនឹងត្រូវធ្វើការប្រកួតជាបន្ដបន្ទាប់ រហូតដល់ពិធីបិទ នាថ្ងៃទី៤ ខែតុលាខាងមុខ ខណៈថ្នាក់ដឹកនាំកីឡាកម្ពុជា សង្ឃឹមកីឡាករ-កីឡាការិនីនឹងអាចស្វែងរកមេដាយជូនជាតិបន្ថែមទៀត៕ អត្ថបទ លី ឈុនឡា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី