កីឡា
នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
នៅសល់ពេលប្រមាណ ២ខែទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងប្រព្រឹត្តទៅ នាចុងខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនគោលអន្ដរជាតិ វឌ្ឍនៈ ហ្គោល រីសត។
ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រ នៃការវិលត្រឡប់មកវិញ នូវព្រឹត្តិការណ៍វាយកូនគោលអន្ដរជាតិដ៏ធំនេះ បានធ្វើឲ្យអ្នកពាក់ព័ន្ធជាច្រើន មានការត្រេកអរ និងសាទរ ហើយក៏រំពឹងព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ សម្រាប់ជាប្រយោជន៍ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងវិស័យកីឡាជាតិផងដែរ។

លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខេមបូឌៀនព្រីមៀរលីគ(CPL) ក្រោយអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍ កាលពីថ្មីៗ បានសម្ដែងក្ដីរីករាយ ដ្បិតលោកមិនចេះលេងកីឡាវាយកូនគោល តែលោកបានស្គាល់ និងយល់ច្បាស់ពីឥទ្ធិពលកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ ។ លោកថា ការរៀបចំព្រឹត្តិការណ៍ដ៏ធំ ប្រជុំដោយកីឡាករបរទេសឆ្នើមៗ និងល្បីៗលើពិភពលោកមកចូលរួម ពិតជាមិនងាយស្រួលនោះទេ ។ ដូច្នេះលោកជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្ដើមជើងឯក Vattanac Legends Championship និង Vattanac Tour Championship នឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើន លើសពីកីឡា ក៏នឹងជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ។

ទន្ទឹមជាមួយគ្នាកញ្ញា សាន កុសមៈ តារាសម្ដែង ដែលទើបផុតសុពលភាពជាគ្រូបង្រៀនក្របខណ្ឌកិច្ចសន្យា បានដាក់ក្ដីរំពឹងយ៉ាងមុតមាំ ចំពោះការត្រឡប់ជាថ្មី នៃព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកមកកាន់ទឹកដីកម្ពុជានេះ នឹងមានអ្វីដែលថ្មី និងប្លែកៗកាន់តែច្រើន សម្រាប់ប្រជាជន និងអ្នកស្នេហាវិស័យកីឡាវាយកូនគោល។ កញ្ញាសង្ឃឹមព្រឹត្តិការណ៍នេះ នឹងអាចបណ្ដុះស្មារតីប្រជាជន និងយុវជនឲ្យយល់ដឹង ហើយចូលរួមលេងកីឡាវាយកូនគោលកាន់តែរីកចម្រើន ក៏ដូចជារួមចំណែកជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាជាដើម។
គួរដឹងថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour ជាមួយសក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន ២ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥លានដុល្លារ ក្នុងនោះរួមមានការប្រកួតសប្ដាហ៍ទី១ ដើម្បីដណ្ដើមជើងឯកពានរង្វាន់ Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដែលមានប្រាក់រង្វាន់សរុបចំនួន ៦៥០,០០០ដុល្លារ និងសប្ដាហ៍ទី២ គឺការប្រកួតជើងឯក Vattanac Tour Championship នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប មានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារ។ ការប្រកួតនឹងធ្វើឡើងនៅទីលានវឌ្ឍនៈ ហ្គោល រីសត តែមួយប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី