ព័ត៌មាន
ទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តម ខូយ រីដា បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាង វិនប៊ីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្តពោធិ៍សាត់ ដែលនេះសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានបង្ហាញនូវជំហរយ៉ាងមុតមាំ និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅក្នុងមូលដ្ឋានខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្តិយសរបស់ខេត្ត។

ឯកឧត្តម វ៉ាង វិនប៊ីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដល់អាជ្ញាធរខេត្តពោធិ៍សាត់ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។ ជាមួយគ្នានោះ ឯកឧត្តម បានស្នើដល់រដ្ឋបាលខេត្ត ជួយការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចិនដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្ត ហើយភាគីចិនត្រៀមខ្លួនសហការជានិច្ចក្នុងការដឹកជញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅមាតុភូមិវិញ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា ខេត្តពោធិ៍សាត់គឺជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនចិន លើវិស័យកសិដ្ឋានដំឡូងមី រោងចក្រកាត់ដេរ និងថាមពលវារីអគ្គិសនី…។ល។ ឯកឧត្តម សន្យាថានឹងបន្តជំរុញឱ្យវិនិយោគិនចិនមកបណ្តាក់ទុនបន្ថែមទៀត ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្រុកក្រគរ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងឱកាសជំនួបនេះ ឯកឧត្តម វ៉ាង វិនប៊ីន បានស្នើឱ្យខេត្តពោធិ៍សាត់បង្កើតសម្ព័ន្ធមេត្រីភាព ជាមួយខេត្តណាមួយនៃប្រទេសចិន ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចូលរួមក្នុងមហាសន្និបាតលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិននាពេលខាងមុខផងដែរ។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន ដែលបានជំរុញអ្នកវិនិយោគមកកាន់ខេត្តពោធិ៍សាត់ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម បានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងប្រជាពលរដ្ឋចិនដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្ត៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣