ព័ត៌មាន
មន្ទីរពេទ្យព្រះអង្គឌួងបំពាក់ម៉ាស៊ីន ឡាហ្សែ ទំនើបចុងក្រោយពីអាមេរិកសម្រាប់ព្យាបាលជំងឺភ្នែកស្ងួតជូនពលរដ្ឋ
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បាននាំយកម៉ាស៊ីន ឡាហ្សែ អាយ ភី អិល ( Laser IPL)ទំនើបបច្ចេកវិទ្យាចុងក្រោយបង្អស់ពីសហរដ្ឋអាមេរិក ជាលើកដំបូងមកប្រទេសកម្ពុជា សម្រាប់ព្យាបាលជំងឺស្ងួតភ្នែក ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
លោកស្រីសាស្ត្រាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា ម៉ាស៊ីន ឡា ហ្សែ អាយ ភី អិលនេះ ជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិក ហើយមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ពោលគឺមានតែនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងប៉ុណ្ណោះ។ ហើយម៉ាស៊ីននេះមានសមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺភ្នែកស្ងួត ដែលមិនមានការវះកាត់ និងជួយកាត់បន្ថយការប្រើប្រាស់ថ្នាំបន្តក់ភ្នែកច្រើនដង។ ការប្រើប្រាស់ បច្ចេកវិទ្យា អាយ ភី អិលនេះ គឺការប្រើប្រាស់ពន្លឺកម្រិតខ្ពស់ទៅលើស្បែកជុំវិញត្របកភ្នែក ដែលជួយកាត់បន្ថយសរសៃឈាម ដែលរលាក និងកម្ចាត់បាក់តេរី ដែលបង្កឱ្យមានការរលាកត្របកភ្នែក។ អត្ថប្រយោជន៍ដ៏សំខាន់បំផុត គឺជួយផ្ដល់កម្ដៅដល់ក្រពេញខ្លាញ់ ត្របកភ្នែក ដើម្បីរំលាយខ្លាញ់ដែលកកស្ទះ ធ្វើឱ្យស្រទាប់ទឹកភ្នែកមានគុណភាពល្អ ភ្នែកមានសំណើម និងផាសុកភាពហើយការព្យាបាលចំណាយពេលប្រហែល ១៥ ទៅ២០នាទី និងមិនមានការឈឺចាប់ខ្លាំងនោះទេ។
លោកស្រីសាស្រ្តាចារ្យ ជុកម៉ុល កុសុម៉ា បានលើកឡើងទៀតថា ការព្យាបាលបញ្ហាភ្នែកស្ងួត អាស្រ័យតាមកម្រិត ដូចជា៖ ការប្រើប្រាស់ទឹកភ្នែកសិប្បនិម្មិត ក្នុងកម្រិតដំបូង និងការព្យាបាលដោយបច្ចេកវិទ្យាទំនើបដូចជា៖ ការស្អំភ្នែក និងការព្យាបាលដោយ ឡា ហ្សែ អាយ ភី អិល ក្នុងកម្រិតមធ្យមទៅធ្ងន់។ ការប្រើប្រាស់ឧបករណ៍ស្អំភ្នែក ផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការបង្កើនសំណើមដល់ផ្ទៃភ្នាសភ្នែក និងជួយរំលាយខ្លាញ់ដែលស្ទះក្នុងក្រពេញខ្លាញ់ត្របកភ្នែក ។ វិធីសាស្ត្រនេះជួយកាត់បន្ថយអាការៈ រមាស់ ផ្សា ក្រហមភ្នែក និងជួយឱ្យភ្នែកមានភាពស្រស់ថ្លាឡើងវិញ។ ភ្នែកស្ងួត មានរោគសញ្ញាដែលអ្នកជំងឺជួបជាញឹកញាប់មានដូចជា៖ ក្តៅ ផ្សា ក្រហាយ ភ្នែកក្រហម មើលមិនច្បាស់ ឬភ្នែកឆាប់នឿយហត់ មានអារម្មណ៍ខ្លាចពន្លឺ រកាំ និងមានអារម្មណ៍ដូចជា៖ មានអ្វីមួយនៅក្នុងភ្នែក មានចេញទឹកភ្នែកច្រើន។ ជាមួយគ្នានេះ ការនាំយកម៉ាស៊ីន និងឧបករណ៍ទំនើបៗមកមន្ទីរពេទ្យនេះ ដោយសារបច្ចុប្បន្នជំងឺភ្នែកស្ងួត មានកើនឡើងច្រើនទៅលើគ្រប់វ័យដោយសារមានកត្តាមួយចំនួនរួមមាន៖ វ័យចាស់ មើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទច្រើន អ្នកនៅកន្លែងស្ងួត ខ្យល់ច្រើន ឬមានម៉ាស៊ីនត្រជាក់គ្រប់ពេល អ្នកពាក់ Contact lens ជាប្រចាំ ការផ្លាស់ប្តូរអរម៉ូន ពិសេសស្ត្រីក្រោយមានផ្ទៃពោះ ការប្រើថ្នាំមួយចំនួនដូចជា៖ ថ្នាំប្រឆាំងអាលែហ្សី, ថ្នាំបន្ធូរការតឹងច្រមុះ និងជំងឺរលាកសន្លាក់ជាដើម។ លោកស្រីសាស្ត្រាចារ្យ ជុក ម៉ុល កុសុម៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែស ចំពោះភ្នែកស្ងួតឱ្យសោះ ព្រោះវាអាចនាំឱ្យមានបញ្ហាគំហើញ និងប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ហើយប្រសិនបើមានបញ្ហាភ្នែកស្ងួត សូមប្រញាប់ទៅពិគ្រោះនិងព្យាបាលជាមួយគ្រូពេទ្យជំនាញ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច