ព័ត៌មាន
សហជីព និងកម្មករ អរគុណភាគីពាក់ព័ន្ធចំពោះការបន្ថែមលើសោហ៊ុយធ្វើដំណើរ ក្នុងអំឡុងវិបត្តិប្រេងឥន្ធនៈជាសកល
បន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រកាសថានឹងផ្តល់ប្រាក់បន្ថែមលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ២,៥០ដុល្លារ ក្នុងមួយខែ ក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។ សហជីព និងកម្មកររោងចក្រ បានសម្តែងការអរគុណជូនចំពោះភាគីពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការជួយអន្តរាគមន៍មកកាន់កម្មករនិយោជិត។
លោក ជ័យ វត្ថា សហជីពមូលដ្ឋាន នៃសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២១ ខែមីនានេះឱ្យដឹងថា ការបន្ថែមនេះ ទោះបីគិតថាចំនួនតិចប៉ុន្តែជាទឹកចិត្តគឺធំធេងណាស់ ពីព្រោះថា មិនមែនតែរូបលោកម្នាក់ទេ ពោលគឺកម្មករ កម្មការិនីទាំងអស់ ពិតជាមានការសប្បាយចិត្តនៅពេលឃើញមានការយកចិត្តទុកដាក់ពីសំណាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកដល់កម្មករនិយោជិត តាមរយៈការចេញបទបញ្ជាឱ្យមានកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់ពួកគាត់។
ស្រដៀងគ្នានេះ លោក ផេង ចាន់នឿន កម្មកររោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសម្ដែងក្ដីរីករាយ និងបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីបន្ធូរបន្ថយបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលអាចជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ ជាពិសេសក្នុងស្ថានភាពដែលមនុស្សទូទាំងពិភពលោកកំពុងតែជួបការលំបាកដូចគ្នា ប៉ុន្តែរាជរដ្ឋាភិបាល និងភាគីនិយោជក បែជាងាកមកបន្ថែមប្រាក់ឧបត្ថម្ភបណ្តោះអាសន្នបន្ថែមទៀតទៅដល់កម្មករនិយោជិត។
ក្រោយឆ្លងកាត់កិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសាកល កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឯកភាពគ្នាផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។
សូមរម្លឹកទៀតថា កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ ធ្វើឡើងបន្ទាប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីរកដំណោះស្រាយសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងផងនៃឧស្សាហកម្មរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច