ព័ត៌មាន
ខេត្តចំនួនពីរនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគធំៗចំនួន ៤ មានទុនសរុប ២៥ លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគចំនួន៤ នៅខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ លើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វចម្រុះ គម្រោងដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ និងគម្រោងកសិ-ឧស្សាហកម្ម ដែលមានទុនវិនិយោគសរុបប្រមាណ ២៥ លានដុល្លារអាមេរិក។
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញ ការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្របសម្រួលដឹកនាំក្រុមការងារ ក.វ.ឦសាន ប្រជុំពិនិត្យ ពិភាក្សា និងចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគនៅខេត្តស្ទឹងត្រែងចំនួន ២ និងខេត្តក្រចេះ ២ គម្រោងផងដែរ ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និងនីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី។
គម្រោងដែលវិនិយោគនៅខេត្តស្ទឹងត្រែងរួមមាន៖ ទី១- គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វចម្រុះ របស់ក្រុមហ៊ុនព្រះវិស្ណុ អ៊ីមផិច មានទីតាំងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណជាង ៤ លានដុល្លារ អាម៉េរិក និងបង្កើតការងារប្រមាណ ៥០ កន្លែង។ ទី២- គម្រោងដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ របស់ក្រុមហ៊ុនផលិតម្សៅដំឡូងមីចំកាត់ មានទីតាំងស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានទុនវិនិយោគ ប្រមាណ ៧ លានដុល្លារអាម៉េរិក និងបង្កើតការងារសរុបប្រមាណ ៥០០ កន្លែង ។
ចំណែកនៅខេត្តក្រចេះ ទី១- គម្រោងបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់ក្រុមហ៊ុន សប្លេនឌីធហ្វ័រ ឈួនហ្វូដ ប្រដាក់ មានទីតាំងស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៤ លានដុល្លារ អាម៉េរិក និងបង្កើតការងារប្រមាណ ៥០០ កន្លែង។ ទី២- គម្រោងកសិ-ឧស្សាហកម្មដាំដុះចេកអំបូងលឿង កែច្នៃវេចខ្ចប់ (កែច្នៃគ្រាប់ ស្វាយចន្ទី ស្វាយ ម្នាស់ ទុរេន ចេក ខ្នុរ) របស់ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក មានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ១០ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥៥៣ កន្លែង។
ជារួម, ក្រុមការងារបានចុះដល់ទីតាំងគម្រោងវិនិយោគផ្ទាល់ និងបានឈ្វែងយល់ពីសក្កានុពល, ផែនការវិនិយោគ, ការប្រើ ប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្ម និងកិច្ចដំណើរការរបស់ក្រុមហ៊ុន ក្នុងនោះតំណាងក្រុមហ៊ុន ក៏បានស្នើសុំការ លើកទឹកចិត្ត ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធី ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រោមកម្ម វិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣