ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុងជាមួយលេខាធិការដ្ឋាន គ.ប.ឆ.ប
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុង ជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប, ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ឆ.ប។ កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនៃការអនុវត្ត នៅពេលប្រកាសនេះត្រូវបានដាក់ចេញ។
គូសបញ្ជាក់ថា ក្នុងការអនុវត្តស្របតាមមាត្រា១១ នៃច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក កន្លងមក ក្រសួងយុត្តិធម៌ បានដាក់ចេញប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការអនុវត្តការចាត់ចែងជាបណ្តោះអាសន្ននូវត្ថុចាប់យក ដែលផ្តោតលើទម្រង់ជាការលក់ឡាយឡុង។ បន្ថែមពីនេះ, សេចក្តីព្រាងប្រកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីវិធាននៃការចាត់ចែងជាបណ្តោះអាសន្នក្នុងទម្រង់ផ្សេងក្រៅពីការលក់ឡាយឡុងនូវវត្ថុចាប់យក ក្នុងរឿងក្តីព្រហ្មទណ្ឌនៅតាមតុលាការ សំដៅធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការអនុវត្តការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ទន្ទឹមនេះ, ប្រកាសនេះ ក៏នឹងរួមចំណែកក្នុងការរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ.
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យា ជាង ៤០០ ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។ ជាមួយគ្នានេះ ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣ សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨ នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១ នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣ នាក់ មាន ៣៣ សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ