ព័ត៌មាន
ក្រុមហ៊ុន CHINALCO បង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងធនធានរ៉ែ
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក ជាដើម។
ជាមួយគ្នានោះដែរ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែ។ ផ្អែកលើមូលដ្ឋាននេះ, ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យទាំងនេះ នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, ការសាងសង់ផ្លូវដែក និងធនធានរ៉ែ ។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ និងត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បីធានាបាននូវភាពជោគជ័យនៅកម្ពុជា។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគជាក់ស្ដែងឱ្យលេចចេញជាផ្លែផ្កានៅពេលអនាគត៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣