ព័ត៌មាន
ព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស
សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គប្រជុំព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដោយទទួលបាន ៥៦សំឡេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ។
ក្នុងសម័យប្រជុំព្រឹកនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ អង្គប្រជុំព្រឹទ្ធសភាបានអនុម័តយល់ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង។
កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុង តំបន់និងពិភពលោកផង។
តាមរយៈសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា និងការពិភាក្សាផ្តល់យោបល់នៅក្នុងកិច្ច ប្រជុំវិសាមញ្ញ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញដំណើរ សេដ្ឋកិច្ចកម្ពុជាឱ្យឆ្ពោះទៅមុខដោយល្បឿនលឿន។
ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេច បាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និង មុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។
ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឆ្លើយបំភ្លឺ ជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
មុននឹងបញ្ចប់អង្គប្រជុំ សម្តេចតេជោ ក្នុងនាម ប្រធានព្រឹទ្ធសភា រួមជាមួយ នឹងសមាជិក សមាជិកាព្រឹទ្ធសភា ដែលមានវត្តមានទាំងអស់ បានយកឱកាសនេះ ចូលរួម រំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយនឹង រាជរដ្ឋាភិបាល និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់កន្លងមកនេះ។
ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ ដឹកនាំ និងមន្ត្រីខេត្តពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ អស់ពីកម្លាំងកាយចិត្ត ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការស្វែង រកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកទាំងពីររូប។ នេះជាសក្ខីភាពអំពីការយកចិត្តទុកដាក់ ខ្ពស់បំផុត ជាមួយនឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិយើងក្នុងការដោះស្រាយឧបទ្ទវហេតុដែលកើត មានឡើង ទោះក្នុងកាលៈទេសៈណាក៏ដោយ៕


-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា