ព័ត៌មាន
លោក យួស សាវុធ៖ ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មដែលរកចំណូលជិត ២ពាន់ដុល្លារក្នុងមួយខែ ដោយសាររៀនជំនាញពី TVET
ភ្នំពេញ៖ សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោក។
មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជាពលករនៅក្រៅប្រទេស ដោយសង្ឃឹមថា នឹងអាចរកប្រាក់មកជួយគ្រួសារ ប៉ុន្តែជីវិតមិនបានដូចការរំពឹងទុកឡើយ។ ក្រោយត្រឡប់មកប្រទេសកំណើតវិញ ការងារដំបូងដែលលោកចាប់ផ្ដើមនោះ គឺចូលធ្វើជាសន្ដិសុខនៅស្ថាប័នមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹម ១៨០ដុល្លាក្នុងមួយខែប៉ុណ្ណោះ។
លោករំឭកទៅអតីតកាលដ៏លំបាកមួយនោះថា៖ «ប្រាក់ខែប៉ុណ្ណេះ មិនអាចផ្គត់ផ្គង់គ្រួសារបានឡើយ ពេលខ្លះ សូម្បីតែលុយទិញទឹកដោះឱ្យកូន ក៏មិនគ្រប់ផង។ បើខ្ញុំនៅតែធ្វើការមួយថ្ងៃ ៨ម៉ោងបែបនេះ ជីវភាពគ្រួសារខ្ញុំមិនអាចប្រសើរឡើយ»។
ការលំបាកក្នុងជីវិតនេះ បានជំរុញឲ្យលោក សាវុធ ចាប់ផ្ដើមស្វែងរកជំនាញបច្ចេកទេសមួយមកដាក់ក្នុងខ្លួន។ ថ្ងៃមួយ មិត្តរួមការងារម្នាក់បានណែនាំឱ្យលោកទៅរៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកនិយាយថា ៖«ខ្ញុំមិនទាន់ទៅរៀនភ្លាមៗទេ ខ្ញុំជិះម៉ូតូដើរមើលតាមផ្ទះសិន ថាមានអ្នកប្រើច្រើនអត់។ បន្ទាប់ពីមើលឃើញ និងជឿជាក់ថា ជំនាញនេះមានអនាគត ខ្ញុំក៏សម្រេចចិត្ដចូលរៀននៅវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា»។
ការសម្រេចចិត្តរៀនជំនាញម៉ាស៊ីនត្រជាក់ បានក្លាយជាចំណុចរបត់នៃជីវិតលោក។ ពេលយប់ លោកធ្វើការជាសន្តិសុខ ខណៈពេលថ្ងៃ លោកទៅសិក្សាជំនាញ ដោយមិនដែលទុកពេលទំនេរចោលឡើយ។ លោកនៅចាំមិនភ្លេចថា មានថ្ងៃមួយ ពេលធ្វើដំណើរទៅសាលា លោកបានដួលម៉ូតូតាមផ្លូវ ប៉ុន្តែលោកមិនបានត្រឡប់ទៅផ្ទះទេ ហើយនៅតែបន្តទៅរៀនដដែល។
លោកបានលើកឡើងថា៖ «ពេលខ្លះ ខ្ញុំស្ទើរតែបោះបង់ហើយ តែខ្ញុំគិតថាមានតែចំណេះ ជំនាញទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ និងគ្រួសារបាន»។
ខណៈពេលកំពុងសិក្សា លោកចាប់ផ្ដើមមានអតិថិជនជាបណ្ដើរៗ។ ក្រោយបញ្ចប់ការសិក្សា លោកបន្តទទួលការងារជាជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ចល័ត និងនៅបន្តធ្វើការជាសន្តិសុខពេលយប់ ដើម្បីរកប្រាក់បន្ថែម។ ពេលការងារជាជាងចាប់ផ្ដើមមានស្ថិរភាព និងអាចរកចំណូលបានច្រើនជាងមុន លោកក៏បានសម្រេចចិត្ត លាឈប់ពីការងារសន្តិសុខ ហើយបើកអាជីវកម្មជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ដោយខ្លួនឯង។
ថ្ងៃនេះ លោកគឺជាម្ចាស់អាជីវកម្មជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ ដែលអាចរកចំណូលជាមធ្យមប្រមាណ ២,០០០ ដុល្លារក្នុងមួយខែ ប៉ុន្តែជោគជ័យមួយនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាកើតចេញពីទឹកញើស ការលះបង់ និងការតស៊ូមិនបោះបង់ចោលក្ដីស្រមៃ។
លោកនិយាយដោយស្នាមញញឹមថា៖«សព្វថ្ងៃ ជីវភាពគ្រួសារលែងសូវលំបាកដូចមុនទៀតហើយ បើចង់ហូបអី ឬចង់ទៅណាក៏បានដែរ យើងលែងបារម្ភពីបញ្ហាលុយកាត់ដូចមុន»។
លោកក៏បានលើកទឹកចិត្តឱ្យយុវជនគួរតែមានជំនាញពីរក្នុងខ្លួន ដើម្បីបង្កើនឱកាសការងារ និងចំណូលនាពេលអនាគត។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើជំនាញជួសជុលម៉ាស៊ីនត្រជាក់ អាចចុះឈ្មោះសិក្សាដោយមិនគិតថ្លៃនៅវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣