ព័ត៌មាន
ប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជា ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់
ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងបានពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ZODO TIRE (CAMBODIA) CO., LTD. និងរោងចក្រផលិតហ្រ្វាំងស្ងួត (BRAKE DRUM) ធ្វេីពីលោហៈធាតុរបស់ក្រុមហ៊ុន HAIZHIGUAN (CAMBODIA) INDUSTRIAL CO., LTD. ។
ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរីករាយក្រៃលែងពីសំណាក់អ្នកអភិវឌ្ឍន៍តំបន់ទាំងពីរ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។
ឯកឧត្តមអគ្គលេខាធិការ បានលើកពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញនូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដានដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ។ តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត, ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត, ឧស្សាហកម្មដំឡើងកង់, ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ, ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នេះក៏ជាការបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ។ ជាក់ស្តែង នៅក្នុងខេត្តស្វាយរៀងនេះ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១៣ និងកំពុងដំណេីរការទាំង១៣ និងមានគម្រោងវិនិយោគសរុបចំនួន ៤២១ គម្រោង ព្រមទាំងបង្កេីតការងារបានប្រមាណ ១១៥.០០០ កន្លែង។











-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»