ព័ត៌មាន
កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
ភ្នំពេញ៖ ប្រទេសកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តលំដាប់អន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗចំនួន ១៣ឱ្យមកបោះទុនវិនិយោគរួមគ្នារហូតដល់ប្រមាណ ១៧០ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។ ការហូរចូលនៃទុនវិនិយោគដ៏សម្បើមនេះ មិនត្រឹមតែបង្ហាញពីជំនឿចិត្តខ្ពស់របស់វិនិយោគិនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញច្រានឧស្សាហកម្មធុនធ្ងន់ និងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកកើនដល់ចំនួន ១៣ហើយ មកបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្ត។ ការកើនឡើងនៃរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ជាសញ្ញាមួយបង្ហាញថា ប្រទេសកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
ក្នុងចំណោមនោះ រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១១ កំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម ដែលបានផលិតរថយន្តបានចំនួន ៦ ៧៥១គ្រឿង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦នេះ ហើយគិតមកដល់ពេលនេះ មានរថយន្តចំនួន ៣៥ ៩០០ គ្រឿងហើយ កំពុងចរាចរណ៍នៅលើទីផ្សារក្នុងស្រុក។ នេះបើតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម បន្តថា រោងចក្រផ្គុំ និងដំឡើងរថយន្តទាំងអស់នោះ មានទុនវិនិយោគសរុបប្រមាណ ១៦៩លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ១ ៣៦៥កន្លែងដល់ពលរដ្ឋមូលដ្ឋាន។ ការកើនឡើងជាបន្តបន្ទាប់ នៃរោងចក្រផ្គុំនិងដំឡើងរថយន្ត គឺបញ្ជាក់ឱ្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សលើឧស្សាហកម្មរថយន្តនៅកម្ពុជា។
កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗជាច្រើន រួមមាន៖ រថយន្ត Ford ដែលវិនិយោគដោយក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ រថយន្ត Hyundai វិនិយោគដោយក្រុមហ៊ុន Camko Motor Company ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន Toyota Cambodia ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រថយន្ត GTV Motor ជាក្រុមហ៊ុនដំឡើងរថយន្តផ្ទាល់ខ្លួនដែលមានទីតាំងនៅក្នុងខេត្តកណ្តាល។ ក្រុមហ៊ុនផ្សេងៗទៀត ដូចជា រោងចក្ររថយន្ត GAC និង Chevrolet ស្ថិតក្នុងនៅខេត្តកំពង់ឆ្នាំង និងរោងចក្រដំឡើងរថយន្តអគ្គិសនី (BYD)មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ៕
អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣