ព័ត៌មាន
សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់៦០ នៅចុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានចំនួន៣៨
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ក្តីរំពឹងទុកថា នៅចុងឆ្នាំ២០២៦នេះ ចំនួនសហគមន៍កសិកម្មទំនើប អាចនឹងរត់ទៅដល់ចំនួនប្រហែល៦០ ដោយសារអនាគតនឹងមានគម្រោងថ្មីមួយទៀត ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ និងខណៈបច្ចុប្បន្នសហគមន៍កសិកម្មទំនើបមានចំនួន៣៨រួចហើយ។
នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី “ពីកម្ពុជា” ជាមួយ ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះ ឯកត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា គិតក្នុងរយៈពេលជាង២ឆ្នាំ នៃការបង្កើតគម្រោងសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម កំពុងបន្តពន្លឿនការរៀបចំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកសិករ និងកែប្រែទម្រង់កសិកម្មពីបែបប្រពៃណី ទៅជាសហគ្រាសកសិកម្មដ៏រឹងមាំ។ ហើយគិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបមានចំនួន៣៨ ក្នុងខេត្តចំនួន១៤ ដោយគ្របដណ្តប់លើដំណាំ និងកសិផលសំខាន់ៗចំនួន ៦ ប្រភេទ រួមមាន៖ ស្រូវ ស្វាយចន្ទី បន្លែ ម្រេច មាន់ស្រែ និងមៀនប៉ៃលិន។
ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ជាថ្មីទៀតថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង ក្នុងគោលដៅសំខាន់ៗ គឺដើម្បីជួយដល់ប្រជាកសិករតូចៗដែលមិនមានលទ្ធភាពធ្វើកសិកម្មប្រកបដោយប្រសិទ្ធិភាពសេដ្ឋកិច្ច អាចថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ខ្វះការគាំទ្រ ថ្លៃផលិតខ្ពស់ជាដើម ជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធក្នុងវិស័យកសិកម្ម និងជំរុញសេដ្ឋកិច្ចជាតិ។
ដើម្បីបង្កើនការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនជាមួយវិស័យឯកជននានា ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញកសិផលពីសហគមន៍កសិកម្មទំនើបនៅកម្ពុជាផងដែរ។ លើសពីនេះ ក្រសួងក៏បានកៀរគរធនធានពីប្រភពផ្សេងៗជួយដល់សហគមន៍កសិកម្មទំនើប ដោយបានសម្រប សម្រួលស្វែងរកដៃគូពាក់ព័ន្ធ និងគម្រោងជាច្រើនផងដែរ។
សូមជំរាបជូនទៀតថា ក្រៅពីសហគមន៍កសិកម្មទំនើបនេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលជាយន្តការថ្មីមួយទៀត ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣