ព័ត៌មាន
ហុងកុងប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀតរវាងគ្នានិងគ្នា
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) និងគណៈប្រតិភូធុរកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ បានរៀបចំជប់លៀងអាហារថ្ងៃត្រង់ដ៏សំខាន់មួយ ជាមួយសមាជិកសហគមន៍ធុរកិច្ចកម្ពុជា និងសភាពាណិជ្ជកម្មក្នុងស្រុកចំនួនប្រមាណ៥០០នាក់ ដែលបានប្រព្រឹត្តទៅក្រោមអធិបតិភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម ចន លី (John KC Lee) ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានលើកឡើងថា ការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងពេលនេះដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង រួមមានមេដឹកនាំ អន្តរជាតិ ចិនដីគោក និងសហគ្រាសហុងកុងចំនួន៣០ និងក្រុមហ៊ុនសាជីវកម្មដែលកំពុងប្រតិបត្តិការផ្នែកហិរញ្ញ វត្ថុនិងធានារ៉ាប់រង នវានុវត្តនិងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូននិងភស្តុភារ ថាមពលនិងបដិសណ្ឋារកិច្ច ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាងហុងកុង និងកម្ពុជា លើវិស័យផ្សេងៗជាច្រើន។ ឯកឧត្តម បានបន្ថែមទៀតថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះទៀតសោត គឺ “ការភ្ជាប់ផ្លូវថ្មីឆ្ពោះទៅរកភាពជោគជ័យ៖ ភាពជាដៃគូហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាពទៅវិញទៅមកនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច”។

នៅក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីសក្តានុពលរបស់កម្ពុជា ក៏ដូចជាគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលនឹងជួយជំរុញគមនាគមន៍ដឹកជញ្ជូនដែលមានសារៈសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត ឯកឧត្តម បានជម្រាបជូនអង្គប្រជុំ អំពីគម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹក រវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការវិនិយោគផ្សេងៗ។ល។

តំណាងវិស័យឯកជនចំនួន៣រូប រួមមាន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា , លោកបណ្ឌិត ប៊ែន លី ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Urban Village & Factory Phnom Penh និងលោកស្រី ខេតធើរីន ចាន់ នាយកប្រតិបត្តិក្រុមហ៊ុនខាងផ្នែកវិស័យអចលនទ្រព្យ មកពីហុងកុង បានចាត់ទុកកម្មវិធីខាងលើថា ពិតជាសំខាន់បំផុតក្នុងការ បង្កើតទំនាក់ទំនង ក៏ដូចជាធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ បង្កើនការផ្លាស់ប្តូរវប្បធម៌ និងស្វែងរកឱកាសសហប្រតិបត្តិការរវាងអាស៊ាន និងហុងកុង។
សូមជម្រាបជូនទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) និងគណៈប្រតិភូធុរកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ “Belt and Road”នៅទីក្រុងហុងកុង។ ព្រឹត្តិការណ៍នេះ នឹងប្រមូលផ្តុំតួអង្គសំខាន់ៗពីវិស័យចម្រុះនៅទូទាំងទីផ្សារ Belt and Road និងលើសពីនេះ ក្រុមហ៊ុនកម្ពុជាអាចបង្កើតទំនាក់ទំនង និងស្វែងរកដៃគូថ្មីជាច្រើនទៀតផងដែរ៕



















អត្ថបទៈ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦