ព័ត៌មាន
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបើកការត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ លើការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
របាយការណ៍នេះ ជារបាយការណ៍តាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំលើកដំបូង នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព ការចូលរួម និងកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍ ដោយឈរលើ អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ក្នុងរបាយការណ៍បានបង្ហាញថា សមិទ្ធផលសំខាន់ៗដែលសម្រេចបាននោះ គឺរាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងរឹងមាំ រួមទាំងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ដោយប្រកាន់ភ្ជាប់ នូវគោលនយោបាយការបរទេស ឯករាជ្យផ្អែកលើច្បាប់និងភាពឈ្លាសវៃ។
សម្រាប់ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១វិញ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលសង្គម សេដ្ឋកិច្ច សន្តិសុខ បរិស្ថាន និងបច្ចេកវិទ្យា ព្រមទាំងការកើនឡើងនៃតម្រូវការសេវាសាធារណៈប្រកបដោយគុណភាពនិងភាពជឿទុកចិត្តបាន។
របាយការណ៍ ក៏បានបង្ហាញពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ការកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មមុខងារ និងរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័នឡើងវិញ និងបានចាប់ផ្ដើមដំណើរការជំរឿនមន្ត្រីរាជការជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីដោយផ្អែកលើគុណាធិបតេយ្យ តម្លាភាព និងសមិទ្ធកម្ម ការបណ្តុះបណ្តាល សមត្ថភាព និងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ដោយឡែកអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ត្រូវបានពង្រឹងតាមរយៈការធ្វើបច្ចុប្បន្នកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការលើកកម្ពស់តម្លាភាព និងភាពជាដៃគូរដ្ឋនិងឯកជន។
ក្នុងការអភិវឌ្ឍមូលធនមនុស្ស រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់គុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា តាមរយៈការអប់រំឌីជីថល ស្ទែម (STEAM) និងការអភិវឌ្ឍយុវជន តាមរយៈការបណ្តុះបណ្តាល ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ផ្តោតលើការផ្លាស់ប្តូរជំនាញ និងបង្កើនជំនាញ។
លើសពីនេះ ប្រព័ន្ធសុខាភិបាល និងគាំពារសង្គមត្រូវបានពង្រឹង និងពង្រីក តាមរយៈសេវាថែទាំបឋម កម្មវិធីថែទាំសុខភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។
រាជរដ្ឋាភិបាល ក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងលើវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ ដោយបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស តាមរយៈការពង្រីកតំបន់សេដ្ឋកិច្ចពិសេស។
ជាមួយគ្នានេះ ក្នុងការអភិវឌ្ឍវិស័យឯកជន និងការងារ រាជរដ្ឋាភិបាលបានបន្តគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការសម្រួលនីតិវិធី ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើតការងារ និងមុខរបរ។
ដោយឡែកការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានពង្រឹងតាមរយៈការបន្តកែទម្រង់ដីធ្លី ការរៀបចំនគរូបនីយកម្ម ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។
ស្របគ្នានេះដែរ រាជរដ្ឋាភិបាល បានបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល រួមមាន រដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣