ព័ត៌មាន
មន្ត្រីជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជាអ្នកបន្តវេនប្រកបដោយថាមពល»
លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជាអ្នកបន្តវេនប្រកបដោយថាមពល ដែលមានតួនាទីសំខាន់ ក្នុងការថែរក្សា ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានសុខសន្តិភាព និងវិបុលភាពរុងរឿង ល្បីល្បាញនៅលើឆាកអន្តរជាតិ។
ការថ្លែងរបស់លោកជំទាវ នេត្រ ភូម៉ារី យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» នាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលអង្គរវត្ត ទីស្តីការក្រសួង។
លោកជំទាវរដ្ឋលេខាធិការបន្តថា ការងារថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ជាតិ ទាំងមរតកវប្បធម៌រូបី និងអរូបី ត្រូវការចាំបាច់មិនអាចខ្វះបានពីកម្លាំងចូលរួមយ៉ាងសកម្មរបស់ក្មួយៗ ដែលជាយុវជនកម្ពុជាជំនាន់ថ្មីគ្រប់រូប ដែលជាអ្នកត្រូវស្នងមរតកវប្បធម៌ពីចាស់ៗ ដើម្បីទទួលថែរក្សាបន្តកុំឱ្យបាត់បង់។ ហេតុនេះ ការរៀបចំសិក្ខាសាលា បានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជាកុលបុត្រ កុលធីតាខ្មែរ ប្រកបដោយសក្កានុពល និងជាទំពាំងស្នងឫស្សីដ៏រឹងម៉ាំ ដែលត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងកិច្ចប្រតិបត្តិផ្សេងៗ របស់ដូនតាខ្មែរ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិ និងចូលរួមលើកកម្ពស់វប្បធម៌ជាតិ ដោយក្តីមោទកភាព នៅលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ នេត្រ ភូម៉ារី បានលើកយកព្រឹត្តការណ៍ ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងអស់រយៈកាលជាង ៥០០ឆ្នាំមកហើយ ក្រោយការបែកបាក់អង្គរ គឺប្រទេសជិតខាងយើងមួយនេះ ដែលតែងតែចិញ្ចឹមចិត្ត និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ ក្នុងមហិច្ឆិតា មុតស្រួច សំដៅក្រសោប ច្បាមយកទឹកដីកម្ពុជាទុកជារបស់ខ្លួន ដោយការបង្កហេតុ រកលេស បង្កើតជាជម្លោះ បញ្ឆេះជាសង្គ្រាមវាយដណ្តើមកាន់កាប់ និងប្លន់យកទឹកដីកម្ពុជា។ ពួកអមិត្ត ទាំងនោះតែងបង្កើតល្បិចកល ពិសពុល ដើម្បីបោកបញ្ឆោតប្រជាជនខ្មែរទាំងឡាយ ឱ្យបំផ្លាញ មរតកវប្បធម៌ខ្លួនឯង ដោយមិនដឹងខ្លួន។ បទពិសោធន៍ ដែលយើងបាន ដឹងឮគ្រប់ៗគ្នានោះគឺ កំណត់ត្រាជារឿងរ៉ាវប្រវត្តិសាស្ត្រ មានដូចជា ៖ រឿងស្តេចសៀមមកបបួលស្តេចខ្មែរ ភ្នាល់ប្រជល់គោ ដោយសៀមបានបោកបញ្ឆោតយកគោយន្ត មកជល់ជាមួយសត្វគោខ្មែរ ដែលបង្ហាញឱ្យដឹង ក្នុងរឿងព្រះគោព្រះកែវ រឿងរ៉ាវទាក់ទងនឹងការបែកបាក់រាជធានីលង្វែក ដោយការបាចប្រាក់ដួង និងការបោកបញ្ឆោតឱ្យមានការដាប់បំផ្លាញរូបចម្លាក់នៅតាមប្រាសាទបុរាណខ្មែរមួយចំនួន ព្រមទាំងការបំផ្លាញ និងលួចយករតនៈវត្ថុដ៏មានតម្លៃចេញពីទឹកដី កម្ពុជាជាដើម។ ជាក់ស្តែង រយៈពេលជិតមួយឆ្នាំមកហើយ ដែលកងទ័ពថៃ បានបង្កើតលេស ដោយការ ចោទប្រកាន់ពីបូរណភាពទឹកដីចាប់ពីកោះគុតក្នុងខេត្តកោះកុង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រហូតដល់តំបន់មុំ៣។ ការបង្កហេតុនេះចាប់ផ្តើម ឡើងពីការធ្វើបាតុកម្ម រហូតដល់ការបាញ់សម្លាប់កងទ័ពខ្មែរ ដែលនាំទៅដល់ការផ្ទុះអាវុធដាក់គ្នា។ នៅក្នុងអំឡុងនៃសង្គ្រាមនោះទាហានថៃមិនបានញញើត និងបានបំពានលើច្បាប់អន្តរជាតិ ដោយបានបាញ់ និងទម្លាក់គ្រាប់បែកមកលើប្រាសាទបុរាណខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ជាពិសេសប្រាសាទព្រះវិហារដ៏ប្រណិតរបស់ជាតិយើង។
លោកជំទាវ បានបញ្ជាក់ទៀតថា ទង្វើរបស់អ្នកជិតខាងរបស់យើងនេះបានផ្តល់ជាបទពិសោធន៍ និងមេរៀនដ៏ឈឺចាប់បំផុត ដល់ប្រជាជនខ្មែរ និងជាពិសេសក្មួយៗទាំងអស់ឱ្យចងចាំ និងប្រែក្លាយកំហឹងនេះទៅជាការខិតខំ រៀនសូត្រក្រេបយកចំណេះដឹង និងស្វែងយល់ឱ្យបានច្បាស់អំពីប្រវត្តិសាស្ត្រប្រទេសជាតិ និង វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ៕ អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣