ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការងារ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន Minebea រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ក៏ដូចជាពិភាក្សាពីការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. នៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦ នេះ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក កៃនុម៉ា និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះការធ្វើបច្ចុប្បន្នភាពពីប្រតិបត្តិការរបស់ក្រុមហ៊ុន ការអភិវឌ្ឍធនធានមនុស្ស និងផែនការពង្រីកការវិនិយោគនាពេលអនាគតនៅកម្ពុជា។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបាន ហើយបានអបអរសាទរដល់ក្រុមហ៊ុន Minebea ក្នុងឱកាសខួបលើកទី១៥ នៃប្រតិបត្តិការនៅកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តវិនិយោគរបស់ក្រុមហ៊ុន MinebeaMitsumi គឺឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ខ្លួនចំពោះស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា។
ជាមួយនឹងការកោតសរសើរក្រុមហ៊ុន MinebeaMitsumi ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការជំរុញការនាំចេញ ការបង្កើតការងារ និងការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ២០១១មក, ឯកឧត្ដមបានស្វាគមន៍ការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនទៅកាន់ខេត្តពោធិ៍សាត់ ដែលបង្កើតឱកាសការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មនៅមូលដ្ឋាន។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការទាក់ទាញឧស្សាហកម្ម និងអ្នកផ្គត់ផ្គង់មកវិនិយោគនៅកម្ពុជា ជាពិសេសការទាក់ទាញអ្នកផ្គត់ផ្គង់ពីបរទេសមកកម្ពុជា ដែលជួយពង្រឹងការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក ខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្ទេរបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ក្រុមហ៊ុនជាមួយគ្រឹះស្ថាន TVET ដែលផ្តល់ឱកាសបណ្តុះបណ្តាលជាក់ស្តែង កម្មសិក្សា ឱកាសការងារ និងការសិក្សាពីបច្ចេកវិទ្យាឧស្សាហកម្មទំនើប និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្រឹះស្ថាន TVET ដែលរួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ជាដើម។ ឯកឧត្តមបានជម្រាបជូនពីការផ្តល់ការបណ្តុះបណ្តាលបង្កើនជំនាញ និងរៀនជំនាញថ្មីក្រោមកម្មវិធី ១,៥ លាន សម្រាប់យុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការដាក់ឱ្យអនុវត្ត «គន្លងវិជ្ជាជីវៈ» នៅក្នុងគន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍធនធានមនុស្ស និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឧស្សាហកម្ម ជាពិសេសលើវិស័យអេឡិចត្រូនិក អគ្គិសនី និងយានយន្ត ដើម្បីបង្កើតប្រភពកម្លាំងពលកម្មជំនាញក្នុងស្រុកប្រកបដោយចីរភាពសម្រាប់វិស័យឯកជន។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង Minebea និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការផ្គូផ្គងការងារ និងជ្រើសរើសបុគ្គលិក ដែលរួមទាំងអតីតពលករមកពីប្រទេសថៃផងដែរ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រសួងក្នុងការគាំទ្រវិនិយោគិនដែលមានទំនួលខុសត្រូវ ដែលបង្កើតការងារសមរម្យ អភិវឌ្ឍជំនាញរបស់ប្រជាពលរដ្ឋ លើកកម្ពស់ទំនាក់ទំនងវិជ្ជមានក្នុងវិស័យឧស្សាហកម្ម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តរីកចម្រើន ជាពិសេសលើការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើតការងារ និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ហើយជោគជ័យរបស់ក្រុមហ៊ុន ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។
ជាការឆ្លើយតប លោក កៃនុម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផលិតភាព ក៏ដូចជាការគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា រហូតទទួលបានសមិទ្ធផលជាទីមោទនៈនេះ។ លោកថ្លែងថា ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងតែងផ្តល់ដំណោះស្រាយនៅពេលដែលក្រុមហ៊ុនមានបញ្ហាប្រឈម ជាពិសេសក្នុងដំណាក់កាលដំបូងនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែក្រោយមក កម្លាំងពលកម្មកម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនក៏បានពង្រីកខ្លួនរហូតបង្កើតរោងចក្រទី២ និងក៏គ្រោងសាងសង់រោងចក្របន្ថែមផងដែរ។ ជាមួយនឹងការកត់សម្គាល់ពីការអភិវឌ្ឍនៅកម្ពុជា ក្រុមហ៊ុននៅតែជឿជាក់លើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជាដែលក៏ជួយទាក់ទាញអ្នកវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជាផងដែរ៕








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង