ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពកសិករបូមទឹកសង្គ្រោះស្រូវ ក្នុងខេត្តបាត់ដំបង
នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពប្រជាកសិករបូមទឹកសង្គ្រោះស្រូវប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយទទួលបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសម្របសម្រួល និងចុះពិនិត្យជាក់ស្តែងក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ដើម្បីមានវិធានការក្នុងការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវកសិករ។
អំឡុងចុះពិនិត្យនារសៀលនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមកោតសរសើរចំពោះការសម្របសម្រួលតាមរយៈការខិតខំប្រឹងប្រែងពីសំណាក់ក្រសួងជំនាញ និងមន្ទីរ-អង្គភាពដែលជាសេនាធិការ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានសហការជួយអន្តរាគមន៍បញ្ជូនទឹកពីប្រភពនៃប្រព័ន្ធធារាសាស្រ្ត ក្នុងការជួយសង្គ្រោះស្រូវរដូវវស្សារបស់កសិករតាមបណ្តាភូមិដែលបានរងផលប៉ះពាល់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនប្រជាកសិករថា ការអន្តរាគមន៍ទឹកធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកការអន្តរាគមន៍ទឹកជាកិច្ចការសំខាន់ចំពោះមុខ ដែលត្រូវខិតខំខ្នះខ្នែងដោះស្រាយឱ្យអស់ពីលទ្ធភាពជូនប្រជាកសិករ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា មកទល់ពេលនេះតាមរយៈរបាយទឹកភ្លៀង និងការបង្ហៀរទឹកពីទំនប់ ឬសំណង់ស្ទាក់ទឹកបានកំពុងបញ្ជូនទឹកចូលទៅតាមប្រឡាយសម្រាប់កសិករបូមទឹកសង្គ្រោះជាបណ្តើរៗ ហើយក៏ជាសញ្ញាបង្ហាញពីផលវិជ្ជមានចំពោះផលដំណាំស្រូវផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើដល់ប្រជាកសិករមានដំណាំស្រូវនៅផ្នែកខាងក្រោមទៀត សូមសហការដោយស្តាប់ការណែនាំពីអាជ្ញាធរភូមិ-ឃុំ អំពីការកំណត់នៃការផ្លាស់ប្តូរវេន ក្នុងការបូមទឹក ដើម្បីធ្វើយ៉ាងណាឱ្យសកម្មភាពបែងចែកបានផ្តល់ដល់ប្រជាកសិករគ្រប់ៗគ្នា។
នាឱកាសនោះ ប្រជាកសិករដែលកំពុងបូមទឹកចូលស្រូវរបស់ខ្លួន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចុះជួយបញ្ជូន និងបែងចែកទឹកទាន់ពេលវេលា។
បន្ថែមលើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការត្រៀមរៀបចំ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ ក្នុងរដូវវស្សានេះ។
សូមជម្រាបថា ខេត្តបាត់ដំបងមានក្រុង-ស្រុកចំនួន៨ ដែលមានដំណាំស្រូវរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតសរុបចំនួន ៩៣,៩៧០ហិកតា៕












-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន6 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ