ព័ត៌មាន
ធុរជនឥណ្ឌា ឈានមុខក្នុងវិស័យបច្ចេកវិទ្យាមកស្វែងរកដៃគូវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ធុរកិច្ចឥណ្ឌាតំណាងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ឥណ្ឌាចំនួន ៩ បានជួបពិភាក្សាជាមួយធុរជនកម្ពុជា ស្តីពីវិស័យអេឡិចត្រូនិក សូហ្វវែរ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងជាង ១០០ នាក់ មកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ក្នុងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ និងក្រុមហ៊ុនបង្កើតថ្មី (Startups) មកពីប្រទេសទាំងពីរ។
កិច្ចពិភាក្សាធុរកិច្ច (B2B) នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រុមប្រឹក្សាលើការផ្សព្វផ្សាយការនាំចេញអេឡិចត្រូនិក និងសូហ្វវែរកុំព្យូទ័រ (ESC) ដែលជាអង្គការលើកកម្ពស់ពាណិជ្ជកម្មកំពូលរបស់ឥណ្ឌាសម្រាប់វិស័យអេឡិចត្រូនិក ទូរគមនាគមន៍ សូហ្វវែរកុំព្យូទ័រ និងសេវាកម្មគាំទ្រដោយបច្ចេកវិទ្យាព័ត៌មាន (IT-enabled Services)។
ក្នុងជំនួបពិភាក្សា ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកទឹកចិត្តដល់ធុរជននៃប្រទេសទាំងពីរឱ្យស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ, ភាពជាដៃគូបច្ចេកវិទ្យា, នវានុវត្តន៍, ការកសាងសមត្ថភាពឌីជីថល, និងការវិនិយោគ។ ឯកឧត្តម បានគូសបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងសហគ្រាសឥណ្ឌា និងកម្ពុជា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀត ព្រមទាំងគាំទ្រដល់បរិវត្កម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា»។
ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) ដែលបានដឹកនាំតំណាងក្រុមហ៊ុនចំនួន ១០ ចូលរួមក្នុងកិច្ចពិភាក្សាធុរកិច្ចនេះ បានចាប់អារម្មណ៍ទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ឥណ្ឌាមួយដែលផ្តល់ការបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តវ័យក្មេងដែលជាឱកាសក្នុងចាប់ជាដៃគូវិនិយោគ។
ឧកញ៉ាបណ្ឌិត មានប្រសាសន៍ថា៖ «មានក្រុមហ៊ុនមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺក្រុមហ៊ុនបណ្តុះបណ្តាលផ្នែកអ្នកវិទ្យាសាស្រ្តវ័យក្មេង។សិស្សចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ គាត់ទទួលបង្រៀនលើមុខវិជ្ជាជាអ្នកវិទ្យាសាស្រ្ត ដូចជាអាកាយនិក ជាដើម»។
លោក Gurmeet Singh ប្រធានមន្ត្រីនាយកប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា ESC បានកត់សម្គាល់ថា កិច្ចពិភាក្សានេះ មិនមែនគ្រាន់តែជាជំនួបរវាងអាជីវកម្ម និងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃដំណើររួមគ្នាឆ្ពោះទៅកាន់អនាគតឌីជីថល ដែលឥណ្ឌា និងកម្ពុជា ឈរជាដៃគូក្នុងនវានុវត្តន៍ និងភាពជឿនលឿន។ ប្រតិភូរបស់ឥណ្ឌាតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាជឿនលឿនរបស់ឥណ្ឌា រាប់ចាប់ពី AI, IoT, សន្តិសុខសាយប័រ, FinTech, AgriTech, ដំណោះស្រាយ EV និងអេឡិចត្រូនិកជឿនលឿនជាដើម។ លោក មើលឃើញថា៖ «កម្ពុជាមិនត្រឹមតែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូសហការក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដែលអាចជួយពង្រឹងសមត្ថភាពប្រជាជន ពង្រឹងស្ថាប័ន និងបង្កើតហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពរឹងមាំ និងចីរភាព។ យើងអាចរួមគ្នាបំប្លែងគំនិតទៅជាលទ្ធផលវិជ្ជមាន និងបំប្លែងភាពជាដៃគូទៅជាមរតក ដោយធានាថា បច្ចេកវិទ្យានឹងក្លាយជាស្ពាននៃឱកាសសម្រាប់មនុស្សជំនាន់ក្រោយ»។
ព្រឹត្តិការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ICT និងលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ ក្រោមក្របខណ្ឌនៃភាពជាដៃគូកម្ពុជា-ឥណ្ឌា៕
អត្ថបទ៖ ធូ វិរៈ










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង