ព័ត៌មាន
ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
(ព្រៃវែង)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ វេទិកានេះបាននាំយកឱកាសការងារចំនួន ៣ ៨០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន រោងចក្រ និងស្ថាប័នពាក់ព័ន្ធ មកផ្តល់ជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ ដោយមានអ្នកចូលរួមប្រមាណជាង ៦០០នាក់។
ថ្លែងក្នុងវេទិកានេះ លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំវេទិកាការងារនៅទូទាំងប្រទេស គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ បង្កើតការងារ និងនាំយកឱកាសការងារ សេវាសន្តិសុខសង្គម ព្រមទាំងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ យន្តការនាំការងារ «មកដល់ផ្ទះ» ជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយក្នុងការស្វែងរកការងារ ជាពិសេសសម្រាប់អតីតពលករ។ បច្ចុប្បន្ន កម្ពុជាមានឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង ដែលអាចឱ្យប្រជាពលរដ្ឋរស់នៅជិតក្រុមគ្រួសារ ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមានការថែទាំសុខភាព ហានិភ័យការងារ និងប្រាក់សោធន ដែលមានកិច្ចគាំពារប្រហាក់ប្រហែលនឹងមន្ត្រីរាជការដែរ ខណៈការងារចំណាកស្រុកនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យផ្នែកសុវត្ថិភាព ការរើសអើង កង្វះការគាំពារសុខភាព និងការរស់នៅឆ្ងាយពីក្រុមគ្រួសារ។
ជាមួយគ្នានេះ លោកជំទាវបានបន្ថែមថា ក្នុងករណីមានបំណងទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរ ឬទាក់ទងខ្សែទូរស័ព្ទជំនួយរហ័ស Hotline លេខ ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់សេវា ប.ស.ស.។
លើសពីនេះ លោកជំទាវបានលើកទឹកចិត្តដល់យុវជនឱ្យចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង តាមរយៈកម្មវិធី «TVET ១,៥ លាន» ដែលជាកម្មវិធីជាតិឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែ រួមមានជំនាញការជួសជុលម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្មកាហ្វេ សម្ផស្សឬសាឡន សម្អាងការ និងជំនាញជាច្រើនទៀត រួមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) លើវិស័យសំណង់ចំនួន ៨មុខ ដើម្បីធានាបាននូវការងារធ្វើ និងទទួលបានប្រាក់ឈ្នួលសមរម្យ។
សូមជម្រាបថា ឱកាសការងារចំនួន ៣ ៨០០កន្លែង ដែលនាំមកក្នុងវេទិកានេះ រួមមានពីក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, រោងចក្រ ឥណ្ឌូចិន អឹភែរឹល (ខេមបូឌា), វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅប្រទេសជប៉ុន ដូចជា ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មង្គល អេចអ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣