ព័ត៌មាន
សម្ដេចធីបតីបញ្ជាក់ពីការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីប្រាប់អ្នករាយការណ៍ពិសេស UN
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីដោយផ្អែកលើច្បាប់ អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។

បញ្ហានេះត្រូវបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី បានអនុញ្ញាត ឱ្យ លោក Thomas Andrews ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកឡើងវិញនូវការលើកឡើងរបស់ម្ដេចធិបតី តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះថា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ឯកឧត្តមបន្តថា អ្នករាយការណ៍ពិសេស UN ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន៨លើ៩ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។
សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ ជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវធ្វើឡើងប្រកប ដោយ ការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។
ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស សរសេររបាយការណ៍ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏បង្ហាញការប្ដេជ្ញាចិត្ត សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការងារក្នុងស្មារតីស្ថាបនា៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣