ព័ត៌មាន
កម្ពុជា-ADB ចុះ MoU ផ្តល់ឥណទានសម្បទានចំនួន ២៥០ លានដុល្លារ សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់
កម្ពុជា-ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច មានទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតប នឹងសភាពការណ៍ពហុវិបត្តិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីភី នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦, បានចុះ ហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)” មាន ទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាង នៀន ហ្សាន (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃ ADB ផងដែរ។
កម្មវិធី RISE មានគោលបំណងគាំទ្រដល់ការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ ពហុវិបត្តិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាព ធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិន ប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់។ កម្មវិធី RISE ផ្តោតលើសម្មិទ្ធិផលគន្លឹះចំនួន៣រួមមាន៖ ១. ការកាត់បន្ថយផល ប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច; ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រ សកម្មភាពកសិកម្មជូនគ្រួសារ ងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះ វិបត្តិថាមពលជា យថាហេតុនាពេលអនាគត ។ ការទទួលបានហិរញ្ញប្បទានសម្រាប់ កម្មវិធី RISE ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋ កិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម Masato Kanda ប្រធាន ADB ដែលបានប្រកាសដាក់ចេញនូវកញ្ចប់អន្តរាគមន៍ក្រោមក្របខណ្ឌ CSF ដែលជាការឆ្លើយតបរបស់ ADB យ៉ាងឆាប់ រហ័ស ចំពោះវិបត្តិនៅមជ្ឈិមបូព៌ា ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមបេសកកម្មរបស់ ADB ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល។ ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រនិងការជឿទុកចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់ADB។ “កម្មវិធី”នេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ប៉ុណ្ណោះទេ ប៉ុន្តែ ADB បានដើរតួជាកាតាលីករដ៏សំខាន់ ក្នុងការ កៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ជួយដល់កម្ពុជា ពិសេសក្នុងកាលៈទេៈដែលកម្ពុជាត្រូវការជាក់ស្តែង និងបន្ទាន់ដូចជាវិបត្តិទឹកជំនន់ ឆ្នាំ២០០០-២០០១, វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩ នាពេលកន្លងមកជាដើម។
ឯកឧត្តម Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ក្នុងភាពជាម្ចាស់និងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាព សេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានគិតគូរ និងដាក់ចេញនូវវិធានការយ៉ាងឆាប់រហ័ស ដោះ ស្រាយបញ្ហាប្រឈមសំដៅកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជន និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ និងភាពឆ្លើយតប របស់កម្ពុជា ចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។ADB បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះ ស្រាយបញ្ហាប្រឈមនានា ដើម្បីធានាបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយនិងចីរភាព៕អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា