ព័ត៌មាន
ធនាគារ៣ ដែលមិនសូវមានភាពសកម្មក្នុងសេដ្ឋកិច្ច ត្រូវបានដាក់ឱ្យជម្រះបញ្ជី
ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីដល់ធនាគារចំនួន៣ ដែលមិនសូវមានប្រតិបត្តិការសកម្ម ក្នុងសេដ្ឋកិច្ច បន្ទាប់ពីអាជីវកម្មរបស់គ្រឹះស្ថានទាំងនេះ ទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ពីកត្តាមួយចំនួន។
ធនាគារជាតិនៃកម្ពុជា បានជម្រាបជូនសាធារណជន អំពីការសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួន បីរួមមាន៖ ១/- ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក, ២/- ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និង ៣/- ធនាគារ អេចអេច (ខេមបូឌា) ម.ក ដោយផ្អែកលើអនុលោមភាពដែលកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចតែងតាំងក្រុមហ៊ុនជម្រះបញ្ជីជូនអ្នកពាក់ព័ន្ធផងដែរ ក្នុងនោះក្រុមហ៊ុន រីចន៍ & ផាតនើរ ជាអ្នកជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក និងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ជាអ្នកជម្រះបញ្ជី ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក ដែលក្រុមហ៊ុនទាំងពីរនេះនឹងបន្តនីតិវិធីជម្រះបញ្ជីតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានចាប់ពី ថ្ងៃតែងតាំងតទៅ។
ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំងបីនេះ ត្រូវរៀបចំឯកសារ ដើម្បីស្នើសុំដកប្រាក់បញ្ញើ ដែលនឹងត្រូវបាន ចាត់ចែងទូទាត់ជូនតាមលំដាប់អាទិភាពដូចកំណត់ដោយច្បាប់ ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារ ទាំង បីនេះវិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។ រាល់សំណួរពាក់ព័ន្ធនឹងការជម្រះបញ្ជីខាងលើ អតិថិជន និងភាគីពាក់ព័ន្ធ អាចទាក់ទងដោយផ្ទាល់ ទៅអ្នកជម្រះបញ្ជីតាមអាសយដ្ឋានដូចខាងក្រោម៖
១/- ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ត្រូវទាក់ទងទៅក្រុមហ៊ុន រីចន៍ & ផាតនើរ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ២២៨៣ ផ្លូវលេខ ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទលេខ ០២៣ ២៣០ ៣៣៣/០៩៥ ៣៥១ ០៨៦។ និង២/- ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក ត្រូវទាក់ទងទៅក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅផ្ទះលេខបេ ៣-០៧១ និង បេ ៣-០៧២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (បុរីអេលីសេ ទីក្រុងកោះពេជ្រ) លេខទូរស័ព្ទលេខ: ០២៣ ៩៨៧។
មន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ការដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមិនមានអនុលោមភាព គឺជាប្រក្រតីភាពនៃការអនុវត្តការងាររបស់ធនាគារកណ្តាល ដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក្នុងគោលដៅរក្សាស្ថិរភាព តម្លាភាព និងកេរ្តិ៍ឈ្មោះនៃប្រព័ន្ធធនាគារទាំងមូល។ ជាក់ស្តែងទីផ្សាររបស់គ្រឹះស្ថានទាំង៣ បូកបញ្ចូលគ្នាមានទំហំតូច បើធៀបនឹង ប្រព័ន្ធធនាគារទាំងមូល ដែលមានទ្រព្យសកម្មសរុបប្រមាណ ២៩៣ លានដុលអាមេរិក ត្រូវ ០,៥ ភាគរយ នៃទ្រព្យសកម្មសរុបក្នុង វិស័យធនាគារ (ដែលមានប្រមាណជិត ១០០ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះការផ្តល់ឥណទានរបស់ធនាគារទាំង៣ មានក្នុងរង្វង់ ០,៥ ភាគរយ និងការទទួលប្រាក់បញ្ញើរ ០,៥ ភាគរយ និងមានអ្នកកម្ចីឥណទាន ០,០២ ភាគរយ នៃចំនួនខ្ចីលុយសរុបនៅក្នុង វិស័យធនាគារ៕
អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣