ព័ត៌មាន
ធនបាលកិច្ចដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅកម្ពុជា មានទំហំបរធនសរុប ២,៧ ពាន់លានដុល្លារ
ធនបាលកិច្ចដែលត្រូវបានចុះបញ្ជី ត្រឹមត្រូវតាមច្បាប់ មានចំនួន ២ ០០០ ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណ ២,៧ ពាន់លានដុល្លារអាមេរិក និងបានទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារថ្លែងក្នុងពិធីបើក លើកឡើងក្នុង «វេទិកាបរធនបាលកិច្ចឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ចក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល៥ឆ្នាំ» នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះថា ចាប់ តាំងពីត្រូវបានបង្កើតបរធនបាលកិច្ចឡើងក្នុងឆ្នាំ២០២១, និយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានបេសកកម្មគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា បាននិងកំពុងបន្តខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានដាក់ចេញជាបន្តបន្ទាប់ នូវក្របខណ្ឌយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និង ផែនការសកម្មភាពការងារដ៏សំខាន់ជាច្រើន ម្ខាង, ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ទៅនឹងការរីកលូត លាស់យ៉ាងរហ័សនៃវិស័យបរធនបាលកិច្ចនៅកម្ពុជា និងម្ខាងទៀត, ដើម្បីបន្តពង្រឹងតួនាទី និងជំរុញវិស័យបរធនបាលកិច្ច ឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើង កាន់តែមានភាពធន់ និងមានទំនុកចិត្តកាន់តែខ្ពស់ ស្របតាមឧត្តមានុវត្តជាអន្តរជាតិ សំដៅ បង្កើតគុណប្រយោជន៍ ឲ្យបានជាអតិបរមា សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ និងចូលរួមចំណែកកាន់តែសកម្ម ក្នុងការអនុវត្តគោល នយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល។
បេសកកម្មទាំងនោះរួមមាន៖ ១-ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈការគាំទ្រឲ្យមានការបង្កើនទុនវិនិយោគក្នុងស្រុក ដែល ជួយបង្កើតការងារបន្ថែមកាន់តែច្រើន ជាពិសេសសម្រាប់យុវជន; ២-ការជំរុញការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុ និងការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ សំដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារហិរញ្ញវត្ថុ ដែលកំពុងដំណើរការនៅកម្ពុជា; និង ៣-ការចូលរួមចំណែក ក្នុងការប្រឆាំងការសម្អាតប្រាក់ និងក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនទំនុកចិត្តក្នុងទីផ្សារ និងការរួមគ្នាគ្រប់គ្រង ហានិភ័យ ជាពិសេសក្នុងអំឡុងនៃវិបត្តិ ឬបញ្ហាប្រឈមពីកត្តាខាងក្រៅ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា តាមរយៈការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារ ប្រទាក់ក្រឡាគ្នាជាច្រើនជាបន្តបន្ទាប់, និយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ដោយមានការ ចូលរួមយ៉ាងសកម្ម ពីសំណាក់ភាគីពាក់ព័ន្ធទាំងឡាយ, ជាពិសេសវិស័យឯកជន និងតួអង្គផ្សេងទៀត, ដែលផ្តល់សេវាក្នុងវិស័យ ដ៏មានសារៈសំខាន់រួមមាន៖ បរធនបាលកិច្ចដែលត្រូវបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ចំនួនប្រមាណ ២ ០០០ ករណី ជាមួយនឹង ទំហំបរធនសរុបប្រមាណ ២ ៧០០ លានដុល្លារអាមេរិក និងការផ្តល់អាជ្ញាបណ្ណជាច្រើន ដល់ក្រុមហ៊ុនបរធនបាល, ធនាគារ ពាណិជ្ជ, បរធនបាលរូបវន្តបុគ្គល និងក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យបរធនបាលកិច្ចជាដើម។ ជាការពិត, ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ វិស័យបរធនបាលកិច្ចនៅកម្ពុជា មានការរីកចម្រើនយ៉ាងរហ័ស ដោយបានទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពី បរទេស (FDI) យ៉ាងសន្ធឹកសន្ធាប់ ចូលទៅក្នុងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុកម្ពុជា ជាមួយនឹងការផ្តល់នូវ ភាពច្បាស់លាស់ និងភាពរឹងមាំផ្នែកច្បាប់ ជូនដល់វិនិយោគិនគ្រប់រូប ទាំងជារូបវន្តបុគ្គល និងជានីតិបុគ្គល៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣