ព័ត៌មាន
វិស័យឯកជន៖ ការវិនិយោគលើកម្លាំងពលកម្មជំនាញ កាន់តែទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនក្នុងវិស័យយានយន្តនៅកម្ពុជា បានលើកឡើងថា ជាការកត់សម្គាល់ទៅលើការវិនិយោគកម្លាំងពលកម្មជំនាញរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនលើឧស្សាហកម្មបច្ចេកវិទ្យា និងទំនើបកម្មនៅកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយ លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) នាព្រឹកថ្ងៃទី៥ ខែសីហានេះ លោកបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ពិតជាមានមោទនភាពដែលក្រុមហ៊ុនបានពាំនាំនូវការវិនិយោគមួយដ៏ធំ ជាពិសេសការបើករោងចក្រដំឡើងនិងផលិតរថយន្តនៅកម្ពុជា។ លោកបានបន្តថា សម្រាប់ក្រុមហ៊ុនក៏រីករាយសហការជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបតម្រូវការលើវិស័យយានយន្តនេះ។

លោកបានឱ្យដឹងទៀតថា ជាមហិច្ឆតារបស់ក្រុមហ៊ុន ក៏ដូចជាមហិច្ឆតារបស់រាជរដ្ឋាភិបាល គឺចង់ឱ្យ កម្ពុជាក្លាយជាប្រទេសផលិតរថយន្ត ពោលមិនមែនផលិតតែក្នុងស្រុកទេ គឺអាចនាំចេញទៅក្រៅថែមទៀត ហើយក្រុមហ៊ុនក៏គ្រោងនឹងផលិតគ្រឿងបន្លាស់មួយចំនួនទៀត ដូច្នេះតម្រូវការកម្លាំងពលកម្មជំនាញក៏កាន់តែមានខ្ពស់ដែរដើម្បីឆ្លើយតបទៅនឹងតម្រូវការផលិត និងបំពេញចំណុចខ្វះខាតនៅក្នុងវិស័យឧស្សាហកម្មនានា ជាពិសេសវិស័យយានយន្តនេះតែម្តង។ លោកបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បានមើលឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ទាំងមូល គឺបានចូលរួមយ៉ាងសកម្មជាមួយឧស្សាហកម្មយានយន្តនៅកម្ពុជាតែម្តង។ អញ្ចឹងសង្ឃឹមថា ប្រទេសកម្ពុជាមិនមែនត្រឹមតែផលិតតែរថយន្តទេ គឺអាចផលិតជាគ្រឿងបន្លាស់ផ្សេងៗទៀត ដែលបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុកុ។
លោក សាយ រតនៈ បានបញ្ជាក់ថា ទាក់ទិនកម្លាំងពលកម្មជំនាញនេះដែរ បើសិនជាកម្ពុជាមានធនធានច្រើន ទី១.អាចជំរុញឱ្យកម្ពុជា ជាកន្លែងទាក់ទាញវិនិយោគធំៗ ទី២.ប្រជាពលរដ្ឋដែលមានជំនាញច្បាស់លាស់មួយក្នុងជីវិត គឺអាចងាយស្រួលរកប្រាក់ចំណូលបានខ្ពស់ចិញ្ចឹមជីវិតបានយ៉ាងល្អ។ ដោយឡែក វិស័យឯកជនក៏សប្បាយចិត្ត ដោយសារមានធនធានល្អៗវិនិយោគលើធនធានមនុស្ស។ និយាយជារួម ភាគីដែលទទួលផលចំណេញចុងក្រោយគេ គឺប្រទេសកម្ពុជាទំាងមូលតែម្តង ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិឈានទៅរកភាពរីកចម្រើន។ នេះតាមការបញ្ជាក់បន្ថែមរបស់លោក រតនៈ។
ជាមួយនេះ លោកបានអំពាវនាវដល់យុវជន ឱ្យងាកចាប់យកជំនាញមួយច្បាស់លាស់ ពិសេសចូលរៀនជំនាញវិស័យបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀនរយៈពេលខ្លី ងាយស្រួលស្វែងរកការងារ និងមានចំណូលបានច្រើន។ និងបានអំពាវនាវបន្ថែមទៀតទៅដល់អាណាព្យបាលទាំងអស់ ជំរុញកូនចៅចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានបញ្ជាក់ដដែលទៀតថា មានតែវិស័យបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាច្រកដ៏សំខាន់ក្នុងការជំរុញឱ្យការរៀនត្រឹមរយៈពេលខ្លី តែអាចរកចំណូលបានលឿន និងច្រើនទៅតាមសមត្ថភាពជាក់ស្តែង ខណៈរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងណាស់ និងគ្រប់សកម្មភាពដើម្បីទាក់ទាញអ្នកវិនិយោគិនពីបរទេស និងស្វែងរកទីផ្សារពាណិជ្ជកម្មអន្តរជាតិមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦នេះរោងចក្រ សហគ្រាសនៅកម្ពុជា បានកើនឡើងចំនួនជាង ៨០០រោងចក្រ សហគ្រាស និងបានបង្កើតឱកាសការងារជាង ៩ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣