ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញមន្រ្តីជំនាញពិនិត្យពីលទ្ធភាពស្តារឡើងវិញចំពោះការខូចខាតដំណាំស្រូវ
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែកក្កដា និងទិសដៅសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុនៅកម្ពុជា មានលក្ខណៈប្រែប្រួល ដោយតំបន់មួយចំនួនទទួលរងនូវការអូសបន្លាយនៃស្ថានភាពរាំងស្ងួត ដោយសារបរិមាណទឹកភ្លៀងមិនទៀងទាត់ និងការចែកចាយទឹកភ្លៀង។ ស្ថានភាពនេះបានបណ្តាលឱ្យប្រភពទឹកសម្រាប់ការស្រោចស្រព មានការថយចុះ ដែលជះឥទ្ធិពលដល់ការដាំដុះដំណាំស្រូវរដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ នៅតាម បណ្តាខេត្តមួយចំនួន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ទោះបីយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ បានចុះតាមដាន និងអន្តរាគមន៍ផ្តល់ទឹកសង្គ្រោះ ដល់តំបន់ដែលប្រឈម និងរងផលប៉ះពាល់ ដើម្បីកាត់បន្ថយការខូចខាតលើផលដំណាំរបស់ប្រជាកសិករឱ្យបានជាអតិបរមា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវចូលរួមពិភាក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់លើលទ្ធភាពនៃការស្តារឡើងវិញចំពោះការខូចខាតដំណាំកសិកម្មរបស់ប្រជាកសិករជាមួយគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងក្រសួងជំនាញ។
ទន្ទឹមគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ទោះបីស្ថានភាពគ្រោះមហន្តរាយ ក្នុងខែកក្កដា ឆ្នាំ២០២៦ មានភាពស្មុគ្រស្មាញដោយសារការរួមផ្សំគ្នារវាងគ្រោះរាំងស្ងួត និងភ្លៀងគំហុកក៏ដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការតាមដាន វាយតម្លៃស្ថានភាព ត្រៀមឆ្លើយតប និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវបន្តរៀបចំផែនការសកម្មភាព និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។
បន្ថែមលើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើដល់ថ្នាក់ដឹកនាំដែលទទួលខុសត្រូវលើជំនាញនីមួយៗ ចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជា សម្ភារៈ និងឧបករណ៍ប្រើប្រាស់របស់កងប្រតិបត្តិការរុករក និងសង្គ្រោះ ដោយសារកងរុករក និងសង្គ្រោះគ្រោះមហន្តរាយនេះជាកងកម្លាំងមានជំនាញ ក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ។
សូមជម្រាបថា គ្រោះរាំងស្ងួត បានប៉ះពាល់មូលដ្ឋានរាជធានី-ខេត្ត ចំនួន ៩ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង និងប៉ៃលិន។ ក្នុងនោះ ដំណាំស្រូវ ប៉ះពាល់ចំនួនប្រមាណជាង ២៤ម៉ឺនហិកតា និងសង្គ្រោះបានជាង ២២ម៉ឺនហិកតា និងខូចខាតបឋម ប្រមាណ ២,១១៥ ហិកតា៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣