ព័ត៌មាន
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៦ កម្ពុជាបានបើកជាផ្លូវការ កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី ២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីមុខងារសាធារណៈ (ACCSM ) ក្រោមមូលបទ « នវានុវត្តន៍សម្រាប់ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរឡើង» បានជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរ។
ពិធីបើកជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រតិភូជាថ្នាក់ដឹកនាំ គ្រូបង្គោល មន្ត្រីរាជការ មុខងារសាធារណៈនៃប្រទេសអាស៊ាន និងដៃគូ ចិន កូរ៉េខាងត្បូង និងជប៉ុន និងលេខាធិការដ្ឋានអាស៊ានក្នុងនាមអ្នកសម្របសម្រួល។
កិច្ចប្រជុំ ACCSM មានគោលបំណងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ ដើម្បីជម្រុញកម្រិតកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈអាស៊ានកាន់តែរីកធំឡើង។
បន្ទាប់ពីឆ្លងកាត់ការពិគ្រោះយោបល់ ចែករលែកបទពិសោធន៍ នៅក្នុងវេទិកាពិភាក្សានានាឆ្លើយតបជាមួយនឹងមូលបទដ៍មានសារៈសំខាន់នៅឆ្នាំនេះ ប្រតិភូបានឯកភាពថ្លែងការណ៍រួម ស្ដីពីការលើកកម្ពស់នវានុវត្តន៍ដើម្បីផ្ដល់សេវាសាធារណៈកាន់តែប្រសើរ ដោយបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមដូចជា ពង្រឹងការចែករំលែកចំណេះដឹងជាប្រចាំ ស្ដីពីយុទ្ធសាស្ត្រដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ការធ្វើឌីជីថលភាវូបនីយកម្ម អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច និងសេវារដ្ឋបាលដែលមានភាពរហ័សរហួន លើកកម្ពស់បរិយាកាសអំណោយផល និងមានបរិយាបន្ន ជំរុញការផ្លាស់ប្ដូរឌីជីថលនៅក្នុងវិស័យសាធារណៈ លើកកម្ពស់ស្ថាប័នសាធារណៈដែលត្រៀមរួចជាស្រេចសម្រាប់អនាគតអាស៊ាន បង្កើនសមត្ថភាពមន្ត្រីរាជការ ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងដៃគូខាងក្រៅ រួមទាំងពង្រឹងការផ្ដល់សេវាសាធារណៈ ដោយផ្ដោតលើប្រជាជន ។
ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ពីការដឹកនាំរៀបចំកិច្ចប្រជុំ ACCSM របស់កម្ពុជា ដែលប្រព្រឹត្តទៅយ៉ាងរលូន និងបានចែករំលែកបទពិសោធន៍ល្អៗជុំវិញកំណែទម្រង់រដ្ឋបាលសាធារណៈរបស់បណ្ដាប្រទេសអាស៊ាន និងអាស៊ានបូកបី ។ ឯកឧត្តមបានលើកឡើងបន្ថែមទៀតថា ជុំវិញកិច្ចសហប្រតិបត្តិការនេះ គឺគ្របដណ្ដប់លើ ការបណ្ដុះបណ្ដាលកសាងសមត្ថភាពមន្ត្រីរាជការ ការកែទម្រង់ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជម្រុញការផ្ដល់សេវាសាធារណៈលើគ្រប់វិស័យ។
ឯកឧត្តមមើលឃើញថា កន្លងមកកម្ពុជា បានធ្វើកិច្ចការងារច្រើនក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ប៉ុន្តែដោយសារបរិបទពិភពលោកមានការប្រែប្រួល បច្ចេកវិទ្យាកាន់តែរីកចម្រើន ពិសេសបញ្ញាសិប្បនិមិត្ត ទើបទាំងកម្ពុជា និងបណ្ដាប្រទេសអាស៊ានទាំងអស់ត្រូវរួមគ្នាពិគ្រោះយោបល់ ស្វែងរកបញ្ហាប្រឈម និងដាក់ចេញផែនការបន្ថែមទៀត ដើម្បីលើកកម្ពស់រដ្ឋបាលសាធារណៈ ពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ។
ចំណែកលោក Christopher C. Mabale តំណាងប្រតិភូហ្វីលីពីន បានលើកឡើងថា អនុសាសន៍របស់សម្ដេចធិបតី មានចំណុចល្អៗជាច្រើនដែលហ្វីលីពីនទទួលបាន និងអាចរៀនសូត្រពីកម្ពុជា ហ្វីលីពីនក៍ទទួលបានបទពិសោធន៍ល្អៗពីប្រទេសអាស៊ានផ្សេងៗទៀត ពិសេសរបៀបដែលនវានុវត្តន៍បានចូលរួមលើកកម្ពស់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ។ លោករំពឹងថា បន្ទាប់ពីកិច្ចប្រជុំនេះ បណ្ដាប្រទេសដែលចូលរួម នឹងអាចទទួលបានចំណេះដឹងក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ពិសេសការផ្ដល់សេវានានាជូនប្រជាពលរដ្ឋរបស់ខ្លួនកាន់តែចំគោលដៅ និងល្អប្រសើរថែមទៀត ។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការស្ដីពីមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ជាការរួមគ្នារបស់សមាជិកអាស៊ានទាំងអស់ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ឆ្ពោះទៅរកអាស៊ាន ដែលមានភាពធន់ នវានុវត្តន៍ មានភាពស្វាហាន់ និងផ្ដោតលើប្រជាជន ព្រមទាំងជាការប្ដេជ្ញាចិត្តចំពោះរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៦ (SDG 16) ផងដែរ៕
អត្ថបទ: គន្ធា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣