ព័ត៌មាន
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថាកម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែង ស្វាគមន៍ចំពោះការរៀបចំផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការលើកកម្ពស់នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ក៏ដូចជាសមិទ្ធផលសំខាន់ៗផ្សេងទៀត ដូចជាលក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ និងវិធាននីតិវិធី (ROP) នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ ACCSM+3។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា៖«កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។ ក្នុងស្មារតីនេះ កម្ពុជាមានមោទកភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេន នៃបណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨»។
ក្នុងឱកាសនោះសម្តេចធិបតី បានប្រគល់ភារកិច្ចដ៏សំខាន់នេះជូនសាលាភូមិន្ទរដ្ឋបាលក្នុងនាមជាស្ថាប័នទទួលខុសត្រូវ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យចេញលទ្ធផលជាក់ស្តែង។
សម្ដេចធិបតី បន្តថា ការកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាមានឫសគល់ចេញពីដំណើរដ៏ពិសេសមួយ គឺការស្តារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព។ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃស្ថាប័ននានាក្រោមរបបខ្មែរក្រហម ប្រទេសកម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈប្រមូលផ្តុំធនធានមនុស្ស និងបញ្ញាវន្តដែលនៅមានជីវិត។ ដំណើរការនៃការស្តារឡើងវិញនេះបានឈានដល់គោលនយោបាយឈ្នះ-ឈ្នះជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជម្លោះស៊ីវិលរាប់ទសវត្សរ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាពដែលសម្រេចបានដោយលំបាកនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់កម្ពុជា ដោយផ្តល់នូវគ្រឹះដ៏សំខាន់សម្រាប់រដ្ឋបាលសេវាសាធារណៈទំនើប ការកសាងជាតិឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។
សម្ដេចបានបន្តថា ដំណើរនៃការស្តារជាតិឡើងវិញ និងការកសាងសន្តិភាពនោះ គឺជាមូលដ្ឋានគ្រឹះដែលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាបានរីកចម្រើន ហើយវានៅតែបន្តកំណត់ទស្សនវិជ្ជាដែលដឹកនាំយើងសព្វថ្ងៃនេះ។ ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជា គឺតែងតែផ្តោតជាចំបងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន។ ទោះបីយើងមកពីប្រទេសផ្សេងៗគ្នា ខ្ញុំជឿជាក់យ៉ាងមុតមាំថាគោលការណ៍ស្នូលរបស់យើងគឺដូចគ្នា គឺ៖ «លះបង់បម្រើប្រជាជនដោយស្មោះត្រង់ និងមិនងាករេ»។
សម្តេចធិបតីថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់យើងក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣