Connect with us

ព័ត៌មាន

ប្រមុខការទូតកម្ពុជា បន្តអំពាវនាវឲ្យថៃអនុវត្តឲ្យបានពេញលេញ និងមាន​ប្រសិទ្ធភា​ព​ចំពោះ​សេចក្តី​ប្រកាស​រួមរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បាន​អំពាវ​នាវ​ជា​ថ្មី​ឲ្យប្រ​ទេស​ថៃ អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយអនុវត្ត​ភ្លាម​ៗ​ចំពោះ​សេចក្តី​ប្រកាស​រួមរវាងរវាងប្រទេសទាំងពីរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការ​អំពាវនាវជាថ្មីរបស់ប្រមុខការទូតកម្ពុជានេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ទិវា​អាស៊ាន​ខួប​លើក​ទី​៥៨ នៃការបង្កើតអាស៊ាននៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦នេះ។ ពិធីនេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​បណ្តាអង្គទូតនានាប្រចាំកម្ពុជាផងដែរ។ ឯកឧត្តមបាន​បញ្ជាក់ថា ការអនុវត្តឲ្យបានពេញលេញ និងទាំងស្រុងនូវ​សេចក្ដី​ប្រកាស​រួម​កាល​ពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺដើម្បីឈាន​ទៅ​រក​ដំណោះ​ស្រាយមួ​យ​ដែល​មាន​លក្ខណៈ​យូរ​អង្វែង ​និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់ថា «មាន​តែ​ដំណោះ​ស្រាយ​ដោយ​សន្តិភាព​វិធី​យូរ​អង្វែង​ទេ​ដែល​អាចធ្វើឲ្យប្រជាជនប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាដោយសុភមង្គលបាន»។

សូម​បញ្ជាក់ថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់​បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន ១០​លើក​ហើយ​ទៅកា​ន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និង​ស្នើ​ចាត់​បញ្ជូន​ក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្ត​ការ​ងារ​លើ​ដី​ជាក់​ស្តែង​បន្ត​ពី​ការងារ​ដែល​ភាគី​ទាំង​ពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ចំណែកឯកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាមានរហូតដល់ ៥៩ លើក បើគិតចាប់​តាំង​ពីកា​រ​វាយ​ប្រហារ​របស់​យោធា​ថៃ​មក​​លើ​ដែន​អធិបតេយ្យកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការតវ៉ានេះគឺ​ធ្វើ​ឡើង​ចំពោះ​សកម្ម​ភាព​ខុស​ច្បាប់​នានា​របស់​កង​កម្លាំង​ថៃ​នៅ​លើ​ទីតាំង​ដែល​ខ្លួន​កាន់​កាប់​ដោយ​ខុស​ច្បាប់​ក្នុង​ទឹកដី​កម្ពុជា​។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ក្នុង​សន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។

សូមរម្លឹកជូនឡើងវិញថា យោងតាមខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃ កាល​ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រម​ព្រៀង​ក្រោម​សេច​ក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែន​អន្តរ​ជាតិ​រវាង​ប្រទេស​ទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌ​សីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំង​ពីរ​ឯក​ភាព​គ្នា​ថា ​នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និ​ង​សន្តិសុខ​របស់​ក្រុម​ការងារ​វាស់​វែង​ចម្រុះ​នៅ​លើ​ទីតាំង​ជាក់​ស្តែង​ដោយ​រាប់​បញ្ចូល​ទាំង​សុវត្ថិភាព​ពី​ជាន់​មីន​។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការ​ចម្រុះ​ព្រំដែន​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការងារ​វាស់វែង និង​ខ័ណ្ឌ​សីមា​ព្រំដែន​នៅ​តំបន់រ​ងផលប៉ះពាល់​ដែល​មាន​ជន​ស៊ីវិល​រស់នៅ»​។

សូម​បញ្ជាក់ជាថ្មីថា មកទល់ពេលនេះ ពិភពលោកកំពុងមើលឃើញច្បាស់ថា មូលហេតុ​អ្វី​ពលរដ្ឋ​កម្ពុជា​នៅតែ​មិនអាចវិលត្រឡប់ទៅផ្ទះ។ ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើក​កាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែល​នៅ​តែ​បន្ត​រស់​នៅក្នុ​ងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹម​តែមិ​នអាច​វិល​ត្រឡប់​ទៅ​ផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និង​ជីវភាព​ប្រក្រតី​របស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់​នៅ​ក្នុង​សហគមន៍​​របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃ​នៅ​តែប​ន្ត​កាន់​កាប់​ដោយ​ខុស​ច្បាប់៕​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia