ព័ត៌មាន
កម្ពុជាបោះជំហានឆ្ពោះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់ ខណៈទំនិញដឹកតាមផ្លូវអាកាសកើន ២១%
ភ្នំពេញ៖ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាកំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ស្របតាមចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់ (Regional Aviation Hub)។ ជាក់ស្តែង ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) សៀមរាបអង្គរ (SAI) និងព្រះសីហនុ (KOS) បានដឹកជញ្ជូនទំនិញឆ្លងកាត់ក្នុងបរិមាណ ៥៧,១០២តោន កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួនសរុបជាង ៣ម៉ឺនជើង (៣៧,២៤៨ ជើង) ថយចុះ ១% ខណៈដែល អ្នកដំណើរចេញ-ចូល មានចំនួនសរុបជាង ៣,៧ លាននាក់ (៣,៧១២,៦៣៩ នាក់) ធ្លាក់ចុះ ៩%។
ឯកឧត្តម មានប្រសាសន៍ថា «ការកើនឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ក្នុងរយៈពេល៧ខែនេះបានបង្ហាញថា សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងដំណើរការទៅល្អ ជាពិសេស ការនាំចេញ-នាំចូល តាមផ្លូវអាកាស។ ដោយឡែក ពាក់ព័ន្ធនឹងការធ្លាក់ចុះអ្នកដំណើរតាមផ្លូវអាកាសនេះ ដោយសារកត្តាមិនប្រាកដប្រជានៃសាកលលោក, វិបត្តិនៅមជ្ឈឹមបូព៌ា, ពាក់ព័ន្ធការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ ហើយនឹងការផ្លាស់ប្តូរឥរិយាបថនៃការធ្វើដំណើររបស់អ្នកដំណើរ និងកត្តារដូវកាលបៃតងនៅកម្ពុជា»។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) បានបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាកំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅរក «របត់ថ្មីនៃទំនើបក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់។ ដើម្បីសម្រេចចក្ខុវិស័យនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់គោលដៅជំរុញការទទួលអ្នកដំណើរតាមផ្លូវអាកាស តាមរយៈ អាកាសយានដ្ឋានទាំង ៤ នៅកម្ពុជា (អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI), អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ(SAI), អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ(KOS), និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ) ឱ្យកើនដល់ចំនួន ៨ លាននាក់ និងទំនិញ ១១២ពាន់តោន នៅក្នុងឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បន្តថា ជាមួយគ្នានេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាក៏កំពុងធ្វើកិច្ចការជាវិជ្ជមានជាច្រើន ដូចជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Open Skies Agreement ជាមួយសហរដ្ឋអាមេរិក, កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ Boeing 737 Max ចំនួន ១០ គ្រឿងរបស់ក្រុមហ៊ុន Air Cambodia, និងកិច្ចសហការជាមួយក្រុមហ៊ុនចិន COMAC លើការបញ្ជាទិញយន្តហោះ C909 ចំនួន ១០ គ្រឿង, ព្រមទាំងផ្តល់អាហារូបករណ៍បណ្តុះបណ្តាលអាកាសយានិក និងវិស្វករកម្ពុជាប្រមាណ ២០០ កន្លែង។ បន្ថែមលើនេះ កម្ពុជាក៏បានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងដែនអាកាស ដោយបច្ចុប្បន្នការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសទាំងស្រុងត្រូវបានធ្វើឡើងដោយប្រព័ន្ធឌីជីថល និងផ្កាយរណបទំនើប ដែលគ្រប់គ្រងផ្ទាល់ដោយមន្ត្រីជំនាញជាកូនខ្មែរ ១០០% ធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣