ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ការបង្ហាញការប្ដេជ្ញាចិត្តបែបនេះ បានធ្វើឡើង ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទ និងគួរឱ្យទុកចិត្ត។ ឯកឧត្ដមបានបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកកាន់តែសំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ។ ទន្ទឹមគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរក្សាសន្តិភាព, ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី, សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ ជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ និងបន្តចូលរួមយ៉ាងសំខាន់ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងស្អិតរមួតបន្ថែមទៀត។ បន្ថែមពីនេះសម្តេចធិបតី និងឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។
មុននឹងបញ្ចប់ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕






-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨