ព័ត៌មាន
ខួបលើកទី៥៩ ការបង្កើតអាស៊ាន! កម្ពុជា ប្តេជ្ញាចិត្តឥតងាករេបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៩ នៃការបង្កើតអាស៊ាន។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជ/រដ្ឋទូត និងតំណាងស្ថានបេសកកម្មការទូត ប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពិធីនេះបានគូសបញ្ជាក់នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តមួយ ក្នុងរយៈពេលជិតប្រាំមួយទសវត្សរ៍របស់អាស៊ានដែលប្រកបដោយមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ទន្ទឹមនឹងនេះ ពិធីនេះក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន និងជំរុញការកសាងអាស៊ានដែលប្រកបដោយភាពធន់ បរិយាបន្ន សំឡឹងឆ្ពោះទៅមុខ និងយកចិត្តទុកដាក់លើប្រជាជន។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានតែដំណោះស្រាយប្រកបដោយយុត្តិធម៌ សន្តិភាព និងស្ថិរភាពយូរអង្វែងប៉ុណ្ណោះ ទើបអាចអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ដូច្នេះ កម្ពុជាបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោគ (JBC) ព្រមទាំងការអនុញ្ញាតឱ្យពលរដ្ឋភៀសសឹក វិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតជាធម្មតារបស់ពួកគេវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ឱ្យកាន់តែឆាប់បំផុត៕









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា