ព័ត៌មាន
កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ
ទីស្ដីការក្រសួងទេសចរណ៍ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែគាំទ្រកម្ពុជាក្នុងអភិវឌ្ឍជាតិ សេដ្ឋកិច្ច និងសង្គម ក្រោមស្មារតីសាមគ្គីភាព និងចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងដែលមានរយៈពេល ៧០ ឆ្នាំ គិតមកដល់ឆ្នាំ២០២៦ នេះ។ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ និងកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ» ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់នូវភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ព្រមទាំងយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវការកោតសរសើរអំពីការរីកចម្រើន និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវចំណាប់អារម្មណ៍អំពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់គោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជាដែលអាចឱ្យភ្ញៀវទេសចរឡាវអាចធ្វើដំណើរពីខេត្តជាប់ព្រំដែនកម្ពុជាទៅដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដោយចំណាយពេលធ្វើដំណើរតាមរថយន្តតែមួយថ្ងៃទេ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកនូវសំណើពិនិត្យលើការសម្រួលភាពងាយស្រួលដល់ប្រជាជននៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ អាចធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ឬ ទៅលេងខេត្តចំប៉ាសាក់ តាមរថយន្តគ្រួសារ។ល។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំកិច្ចសហការពីស្ថានទូតឡាវ ក្នុងការបន្តគាំទ្រការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ការជំរុញទីផ្សារទេសចរណ៍អន្តរជាតិ (Plus-One) និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» (Three Countries, One Destination) រវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ ព្រមទាំងបានស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូត ជួយសម្របសម្រួលអញ្ជើញលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ អាជ្ញាធរខេត្តជាប់ព្រំដែន ក្រុមធុរកិច្ច ក្រុមវិនិយោគ ភ្នាក់ងារទេសចរណ៍ និងវិស័យឯកជនឡាវ មកចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ដែលគ្រោងរៀបចំដោយក្រសួងទេសចរណ៍នាដើមខែកញ្ញាខាងមុខ នៅខេត្តស្ទឹងត្រែង។
សូមជម្រាបជូនផងដែរថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងឡាវ ដោយមានការរៀបចំព្រឹត្តការណ៍អបអរសាទរខួបទី៧០ នៃទំនាក់ទំនងការទូត ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តស្ទឹងត្រែង។







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ