ព័ត៌មាន
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានចំនួនប្រមាណជា ២០ក្រុមហ៊ុន ដែលដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូCGCC និង GBA Alliance បានសម្ដែងនូវចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំចំពោះឱកាសការវិនិយោគនៅកម្ពុជា។ គណៈប្រតិភូ បានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗជាច្រើននៅកម្ពុជា ដែលរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ថាមពល, ការដឹកជញ្ជូននិងឡូជីស្ទីក, អាកាសចរណ៍, កសិកម្ម, អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខាភិបាល។
ជាការឆ្លើយតប សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ សម្តេចធិបតីបានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានា ព្រមទាំងការផ្តល់ការលើកចិត្តផ្នែកពន្ធដារ លើវិស័យសក្តានុពលមួយចំនួន សំដៅធានាភាពរីកចម្រើន និងជោគជ័យរបស់វិនិយោគិននៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតីបានបន្តថា រាជរដ្ឋាភិបាលប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែកឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការតភ្ជាប់ផ្លូវអាកាសជាមួយអន្តរជាតិ សំដៅកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូន។ ទន្ទឹមនឹងនេះ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការវិនិយោគនៅកម្ពុជាគឺជាឱកាសក្នុងការបោះជំហានឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលទៅកាន់តំបន់ និងពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់, ភាពប្រកួតប្រជែង, និងសុខសុវត្ថិភាព។
ជាទីបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូCGCC និង GBA Alliance ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងឧ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីចាប់យកឱកាសក្នុងការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕









-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨