ព័ត៌មាន
ខេត្តព្រះវិហារ បោះជំហានឈានមុខគេ ខាងផលិតស្រូវសរីរាង្គតាមរយៈកិច្ចសន្យា ត្រៀមចាក់បញ្ចូលថវិកា ១២លានដុល្លារ ចូលចរន្តសេដ្ឋកិច្ចគ្រួសារកសិករ!
ខេត្តព្រះវិហារ បាននិងកំពុងបន្តពង្រឹងទីតាំងជា «ខេត្តនៃកសិកម្មសរីរាង្គ» របស់ប្រទេសកម្ពុជា តាមរយៈការបោះជំហានយ៉ាងសកម្មលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា បានប្តេជ្ញាចិត្តបង្កើនការប្រមូលទិញស្រូវសរីរាង្គរហូតដល់ ៤ម៉ឺនតោន ខណៈ ក្រុមហ៊ុន CACC ទទួលទិញដំឡូងមីសរីរាង្គចំនួន ១៥.០០០តោន ពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ។
ថ្លែងក្នុងអង្គពិធីនេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសម្តែង នូវមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាបានបោះជំហានមួយកម្រិតទៀតក្នុងការយកប្រៀបលើទីផ្សារអន្តរជាតិ តាមរយៈការផលិតស្រូវសរីរាង្គនៅខេត្តព្រះវិហារ ដែលមានបរិមាណច្រើនជាងគេលើពិភពលោក។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីទិន្នន័យសេដ្ឋកិច្ចថា ខេត្តព្រះវិហារមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៤០០លានដុល្លារ ដោយក្នុងនោះ ៥០ភាគរយ គឺជាផលទុនបានមកពីវិស័យកសិកម្ម។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា កាលពីឆ្នាំ២០២៥ កន្លងទៅ ស្រូវសរីរាង្គក្នុងខេត្តផលិត បានជាង ២ម៉ឺនតោន ស្មើនឹងថវិកាប្រមាណ ៦លានដុល្លារ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៦នេះ ការប្តេជ្ញាចិត្តទិញរហូតដល់ ៤ម៉ឺនតោន ពីសំណាក់ក្រុមហ៊ុន គឺស្មើនឹងទំហំថវិការហូតដល់ប្រមាណ ១២លានដុល្លារ ដែលនឹងត្រូវចាក់បញ្ចូលផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចគ្រួសារប្រជាកសិករ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញបំណងប្រាថ្នាចង់ឃើញការកើនឡើងនៃផលិតកម្មស្រូវសរីរាង្គជាបន្តបន្ទាប់ ដើម្បីប្រែក្លាយខេត្តព្រះវិហារឱ្យទៅជា «ខេត្តសរីរាង្គ» ទាំងស្រុងនាពេលអនាគត។
ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍កម្ពុជា បានបញ្ជាក់ថា កិច្ចសន្យានេះមិនមែនត្រឹមជាទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់នោះទេ ប៉ុន្តែជាកិច្ចសន្យាប្រកបដោយទំនុកចិត្ត និងការទទួលខុសត្រូវ ដើម្បីភាពរីកចម្រើនរួមគ្នា។ ក្រុមហ៊ុននឹងធ្វើការដោយបេះដូង និងកាយចិត្ត ដើម្បីធានាទីផ្សារជូនកសិករ ផ្តល់តម្លៃដែលមានតម្លាភាព ពង្រឹងការតាមដានប្រភពដើម និងជំរុញការដាំដុះស្រូវបែបធន់នឹងការប្រែប្រួលអាកាសធាតុ ព្រោះជោគជ័យរបស់កសិករ គឺជាជោគជ័យរបស់ក្រុមហ៊ុន។ លោកឧកញ៉ា ក៏បានស្នើសុំឱ្យបងប្អូនកសិករ រក្សានូវភាពស្មោះត្រង់ និងទំនុកចិត្ត ដើម្បីសហការគ្នារយៈពេលវែង ប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បច្ចុប្បន្នកម្ពុជាផលិតស្រូវបានរហូតដល់ ១៤លានតោន លើសពីតម្រូវការក្នុងស្រុកដែលមានត្រឹម ៥លានតោន។ ដូច្នេះទិសដៅបន្ត គឺការផ្តោតលើសុខភាពស្បៀង និងការថែរក្សាធនធានដី និងទឹក សម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម តាមរយៈគោលនយោបាយអាទិភាពទី៥ និងទី៦ រួមមាន ការរក្សាលំនឹងថ្លៃ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ១៦០០នាក់ ទូទាំងប្រទេស និងការបង្កើតសហគមន៍កសិកម្មទំនើប។

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣