ព័ត៌មាន
ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
ក្រោយពីបញ្ចប់ការប្រកួតដ៏ជោគជ័យរបស់អត្តពលិកជម្រើសជាតិថ្នាល និងជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី២០២៦នៅម៉ុងហ្គោលី ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ-ITF កម្ពុជា បានចេញអត្ថបទពិសេសមួយដែលមានចំណងជើងថា ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់កូនស្រី ម៉ានេតា។

ក្នុងសំណេរនេះឯកឧត្តមអនុប្រធានសហព័ន្ធបានរំលេចថា សម្រាប់ឪពុកគ្រប់រូប កូនគឺជាបេះដូង និងជាពិភពលោកទាំងមូល។ កូនស្រី ម៉ានេតា ក្នុងវ័យទើបតែ ១១ ឆ្នាំ តែងតែជាក្មេងស្រីដ៏ទន់ភ្លន់ ជាសិស្សពូកែម្នាក់ដែលចំណាយពេលភាគច្រើនជាមួយការអានសៀវភៅ និងស្រឡាញ់សំឡេងតន្ត្រី Piano យ៉ាងខ្លាំង។ នៅក្នុងភ្នែករបស់លោក កូនគឺជាព្រះនាងតូចដ៏សុភាពរាបសារជានិច្ច។
ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូជើងឯកអន្តរជាតិ នៅលើទឹកដីប្រទេសម៉ុងហ្គោលីនាពេលនេះ កូនស្រីតូចបានសម្រេចចិត្តសុំច្បាប់សាលា ខកខានការរៀនសូត្រអស់មួយសប្តាហ៍ពេញ ដើម្បីឈានជើងមកធ្វើជាតំណាងឱ្យប្រទេសជាតិ និងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតមួយក្នុងជីវិត។
វិនាទីដែលកូនស្រីតូចដើរឡើងលើសង្វៀនប្រកួត ឈរទល់មុខនឹងគូប្រកួតដែលឌឺដង និងមានមាឌធំជាង បេះដូងជាឪពុកម្នាក់នេះស្ទើរតែលោតចេញមកក្រៅ។ ជើងរបស់លោក ឈរឡើងរឹងកំព្រឹស ដៃទាំងពីរកាន់ថតវីដេអូកូនប្រកួតឡើងញ័រដៃ និងរន្ធត់ជាខ្លាំង។ អារម្មណ៍ជាឪពុក នៅពេលដែលឃើញកូនស្រីតូចដែលយើងធ្លាប់តែថ្នម និងបីបាច់ថែរក្សា ត្រូវរងការទាត់ វាយ និងតស៊ូយ៉ាងខ្លាំងនៅលើសង្វៀន វាគឺជាការឈឺចាប់ និងក្តុកក្តួលដែលស្ទើរតែរកពាក្យបកស្រាយមិនបាន។ ទឹកភ្នែកជាឪពុកស្ទើរតែស្រក់ចុះ ដោយអាណិតកូន និងភ័យខ្លាចកូនមានគ្រោះថ្នាក់។
ប៉ុន្តែនៅក្នុងជម្រៅចិត្ត លោកដឹងយ៉ាងច្បាស់ថា ជីវិតមនុស្សយើងមិនអាចរស់នៅក្នុងជម្រកសុខសាន្តបានរហូតនោះទេ។ ការគាំទ្រឱ្យកូនចូលរួមក្នុងកីឡានេះ មិនមែនដើម្បីតែការយកឈ្នះចាញ់ ឬដណ្តើមយកមេដាយមួយមុខនោះទេ ប៉ុន្តែគឺដើម្បីទទួលបានសុខភាព និងកាយសម្បទារឹងមាំចេញពីការហាត់ប្រាណ ព្រមទាំងទទួលបានជំនាញការពារខ្លួនដ៏ពិតប្រាកដមួយ សម្រាប់ឈរជើងដោយសុវត្ថិភាព និងជឿជាក់ក្នុងសង្គមនាថ្ងៃអនាគត។
លទ្ធផល មេដាយសំរឹទ្ធ ដែលកូនស្រីដណ្តើមបានមកជូនជាតិ និងគ្រួសារនាពេលនេះ មិនត្រឹមតែជាសមិទ្ធផលលោហធាតុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតំណក់ញើស ទឹកភ្នែក និងជាសាក្សីនៃ «ភាពក្លាហានដ៏អស្ចារ្យ» របស់ក្មេងស្រីវ័យ ១១ ឆ្នាំម្នាក់ ដែលហ៊ានជម្នះភាពភ័យខ្លាច និងភាពឈឺចាប់នៅលើឆាកអន្តរជាតិ។
តាមរយៈសំណេរនេះឯកឧត្តមក៏សូមលើកទឹកចិត្តដល់ក្មួយៗ និងយុវជនខ្មែរគ្រប់រូប ដោយសង្ឃឹមថា រឿងរ៉ាវរបស់កូនស្រី ម៉ានេតា នឹងក្លាយជាកម្លាំងចិត្តដល់ក្មេងៗ និងក្មួយៗខ្មែរទាំងអស់ ដោយជ្រើសរើសកីឡាណាមួយដែលខ្លួនស្រឡាញ់ មិនថាតេក្វាន់ដូ បាល់ទាត់ ឬកីឡាអ្វីក៏ដោយ ចាប់ផ្តើមហាត់ដើម្បីទទួលបានសុខភាពមាំមួន និងស្មារតីក្លាហានក្នុងការប្រឈមមុខនឹងជីវិត និងសូមកុំបោះបង់ការសិក្សា ព្រោះការសិក្សាជាគ្រឹះដ៏សំខាន់បំផុតក្នុងការកសាងអនាគតខ្លួនឯង ជួយសម្រាលបន្ទុកគ្រួសារ និងរួមចំណែកកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន។
កីឡាបង្កើត «សុខភាព និងភាពក្លាហាន» ចំណែកចំណេះដឹងបង្កើត «អនាគតដ៏ភ្លឺស្វាង»៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣