ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញ ប្រកាសជាថ្មីពីការផ្តល់សេវាឥតគិតថ្លៃនៃការស្តុកទុកទំនិញកុងតឺន័រលើទីលាន ក្រោម ៧ថ្ងៃ
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានជូនដំណឹងជាថ្មីពីការផ្តល់ជូនការស្តុកទុកទំនិញកុងតឺន័រដែលមានទំនិញនៅលើទីលានកំពង់ផែ ដល់អតិថិជន ដោយឥតគិតថ្លៃ រយៈពេល ៧ថ្ងៃ គឺដើម្បីបង្កើនភាពបត់បែន និងផ្តល់ពេលវេលាបន្ថែមសម្រាប់ការរៀបចំ និងគ្រប់គ្រងទំនិញសម្រាប់នាំចេញ។
កំពង់ផែស្វយ័តភ្នំពេញ ហៅថា ក.ស.ភ. បានបញ្ជាក់ថា ការផ្តល់ជូននេះ ដើម្បីផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទំនិញកុងតឺន័ររបស់ដៃគូ និងអតិថិជន។ ជាពិសេស អតិថិជនថ្មីៗ។ ទោះបីយ៉ាងណា កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា ក្រោយរយៈពេល ៧ថ្ងៃ ក.ស.ភ. នឹងអនុវត្តតម្លៃសេវាស្តុកទុកតាមលក្ខខណ្ឌ និងតារាងតម្លៃសេវាកម្មដែលបានកំណត់។
ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានឱ្យដឹងថា ការផ្តល់ជូនការស្តុកទុកទំនិញកុងតឺន័រ ដោយឥតគិតថ្លៃរយៈពេល ៧ថ្ងៃ នឹងជួយឱ្យសកម្មភាពដឹកជញ្ជូនទំនិញនៅកំពង់ផែស្វយ័តភ្នំពេញកាន់តែមមាញឹក ខណៈដែលការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាកំពុងហក់ឡើងគួរឱ្យកត់សម្គាល់។
ឧកញ៉ា ហាក់ លាងហ៊ មានប្រសាសន៍ថា៖ «ការផ្តល់ជូននឹងជួយដល់វិស័យភស្តុភារកម្ម និងដឹកជញ្ជូន កាន់តែរីកចម្រើន ខណៈដែល មួយរយៈពេលចុងក្រោយនេះ ការបិទព្រំដែនផ្លូវគោកបាននាំឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមានការកើនឡើងជាលំដាប់»។
ចំណែក ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហល អិចប្រេស បានអបអរសាទរ និងថា ការផ្តល់ជូននេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់កំពង់ផែស្វយ័តភ្នំពេញ បានមួយកម្រិត ហើយ ការផ្តល់ជូនការស្តុកទុកទំនិញកុងតឺន័រ ដោយឥតគិតថ្លៃរយៈពេល ៧ថ្ងៃ គឺគិតចាប់ពីថ្ងៃ នវាដឹកទំនិញចូលចតនៅកំពង់ផែ និងការលើកដឹកទំនិញនៅលើទីលានកំពង់ផែ។
ឧកញ៉ា ស៊ិន ចន្ធី មានប្រសាសន៍ថា៖ «នេះជាការល្អហើយ ដែលកំពង់ផែស្វយ័តភ្នំពេញ បានទុកពេលវេលាគ្រប់គ្រាន់បន្ថែមទៀតដល់អ្នកប្រើប្រាស់សេវាកំពង់ផែ ហើយ នេះគឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកប្រើប្រាស់កំពង់ផែ និងអ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកកំពង់ផែស្វយ័តភ្នំពេញ»។
កំពង់ផែស្វយ័តភ្នំពេញ ធ្លាប់បានជូនដំណឹងម្តងរួចមកហើយ ស្តីពី ការកែសម្រួលតម្លៃសេវាកម្មនៅកំពង់ផែស្វយ័តភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៩ ដោយផ្តល់ការលើកលែងថ្លៃស្តុកទុកកុងតឺន័រនៅលើទីលានសម្រាប់កុងតឺន័រនាំចេញ ត្រូវបានបន្ថែមរយៈពេលស្តុកទុកពី ៥ថ្ងៃ ទៅ ៧ថ្ងៃ ហើយនាពេលនេះ គឺជាការជូនដំណឹងជាថ្មី ដើម្បីឱ្យអតិថិជនថ្មីៗទទួលបានកាន់តែទូលំទូលាយថែមទៀត។
សូមបញ្ជាក់ថា ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញបានបន្តសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយបរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ៤១០ ៤៨៤ ធីអ៊ីយូ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៦ កើនឡើង ២៦,៨៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ដែលពុំទាន់ធ្វើសវនកម្ម៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣