ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យកិច្ចពិភាក្សាសិក្ខាសាលាថ្នាក់ជាតិស្តីពីការងារសមរម្យឈរលើភាពប្រាកដនិយមជាក់ស្តែង និងអាចអនុវត្តបាន
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលាត្រីភាគីថ្នាក់ជាតិជជែកពិភាក្សាអំពីការងារសមរម្យនៅកម្ពុជាដោយឈរលើភាពប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុងគោលបំណងធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ។

ការស្នើបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពីការអនុវត្ត “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធ ដូចជាអង្គការអន្តរជាតិខាងការងារ(ILO) តំណាងសហជីព និងតំណាងនិយោជកជាដើម។
សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាលើកទី៦ ហើយដែលកម្ពុជាបានបង្កើតឱ្យមានសិក្ខាសាលាត្រីភាគីថ្នាក់ជាតិអំពីការងារសមរម្យប្រចាំឆ្នាំនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋមន្ត្រី អង្គសិក្ខាសាលានឹងបើកការជជែកពិភាក្សា និងផ្តល់ធាតុចូលដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស កត្តានៃសេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ។

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការកំណត់ជាសូចនាករក្នុងការអនុវត្តលើសសរស្តម្ភទាំងនេះ គឺគួរតែមានភាពប្រាកដនិយមជាក់ស្តែង និងការអាចអនុវត្តបានដើម្បីធានាបានជាប្រយោជន៍យ៉ាងពិតប្រាកដដល់គ្រប់ភាគីក្នុងវិស័យ ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។
ចំពោះការកសាងមូលធនមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃពេលវេលាដែលត្រូវការបណ្តុះបណ្តាល ហ្វឹកហ្វឺនជាបន្តបន្ទាប់ដល់កម្មករនិយោជិតឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈ និងសមត្ថភាពនៃការយល់ដឹងផ្នែកផ្លូវច្បាប់ និងទំនៀមទម្លាប់ និងកត្តាប្រយោជន៍រួមដើម្បីភាពប្រសើរឡើងបន្ថែមទៀតក្នុងវិស័យ។

ដោយឡែកកត្តាសេដ្ឋកិច្ចវិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរ ឱ្យអង្គសិក្ខាសាលាគួរផ្តោត និងវាយតម្លៃលើកត្តានៃការពង្រឹងផលិតភាព និងការប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សហជីព និងអង្គការវិជ្ជាជីវៈ ជួយផ្សព្វផ្សាយ និងបន្តផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពីការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងការផ្តល់ការថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស. តាមរយៈរបបភាគទានស្ម័គ្រចិត្តដើម្បីកាត់បន្ថយការចំណាយ និងការធានាបាននូវសុខភាពល្អពេញលេញ។
សម្រាប់ចំណុចទំនាក់ទំនងវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពរីកចម្រើនក្នុងសង្គមកម្ពុជារយៈពេល១០ឆ្នាំចុងក្រោយដែលធ្វើឱ្យបរិយាកាសនៃការវិនិយោគក៏ដូចជាភាពសុខដុមនីយកម្មក្នុងរោងចក្រក៏កាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាកម្ពុជានៅសល់បញ្ហាតិចតួចក៏ដោយ។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គក្នុងទំនាក់ទំនងវិជ្ជាជីវៈជាពិសេសតំណាងសហជីពត្រូវបង្កើនសមត្ថភាព និងត្រូវយល់ដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ចៀសវាងការប្រតិបត្តិហួសតួនាទី ដើម្បីក្លាយជាភាគីដែលមានភាពជាតំណាងសម្រាប់កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាលក្នុងវិស័យការងារ ឯកឧត្តម បានស្នើ និងអំពាវនាវកុំឱ្យមានការរើសអើងសហជីពនៅកម្ពុជាដែលបង្ហាញឱ្យឃើញពីភាពបែកបាក់ក្នុងសង្គមជាតិ។
ទោះបីជាបែបណាក៏ដោយ ឯកឧត្តម ហេង សួរ បានបន្ថែមថា ភាពជោគជ័យពិតប្រាកដនៃការអនុវត្តកម្មវិធីការងារសមរម្យនៅកម្ពុជា គឺជាការព្រមទទួលយកដោយភាពឈ្នះៗរបស់គ្រប់ភាគីទាំងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាលដែលជាអាណាព្យាបាលដោយឈរលើកត្តានៃភាពប្រាកដនិយម ជាក់ស្តែង និងអនុវត្តបានដើម្បីភាពរីកចម្រើន វិបុលភាពឥតឈប់ឈរសម្រាប់កម្ពុជា៕







អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន