ព័ត៌មាន
គណបក្សនយោបាយសម្ព័ន្ធភាពបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារសំខាន់ៗសម្រាប់ជាតិ
ភ្នំពេញ ៖ គណបក្សនយោបាយសម្ព័ន្ធភាពបានបើកកិច្ចប្រជុំក្រុមការងារសម្របសម្រួល លើកទី៨ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅវិមាន ៧ មករា ក្រោមអធិបតីភាពឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារសម្របសម្រួល នៃគណបក្សនយោបាយសម្ព័ន្ធ។
ឯកឧត្តម សោម សឿន បានថ្លែងប្រាប់ BTV ថា កិច្ចប្រជុំនេះ គឺតាមស្មារតីបទបញ្ជាផ្ទៃក្នុងនៃគណបក្សនយោបាយសម្ព័ន្ធភាពដែលចែងថា ក្រុមការងារសម្របសម្រួលនៃគណបក្សនយោបាយសម្ព័ន្ធភាពត្រូវប្រជុំក្នុង ៣ខែម្តង ហើយភារកិច្ចរបស់ក្រុមការងារសម្របសម្រួលមានចំនួន៤ រួមមាន៖ ទី១. ត្រួតពិនិត្យដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយក្នុងសម្ព័ន្ធភាព និងលើកទិសដៅការងារបន្ត។ ទី២. ពិនិត្យមើលសម្របសម្រួលទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅក្នុងសម្ព័ន្ធភាពពាក់ព័ន្ធទៅនិងការអនុវត្តកិច្ចព្រមព្រៀងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការមានបញ្ហាអ្វីខ្លះ?។ ទី៣. សម្របសម្រួលបញ្ហានានាដែលអាចកើតមានឡើងរវាងបណ្តាគណបក្សនយោបាយក្នុងសម្ព័ន្ធភាព និងលើកយោបល់ជូនប្រធានគណបក្សនយោបាយអំពីការបង្កើតគណៈកម្មការសម្របសម្រួល ក្នុងករណីដែលក្រុមការងារសម្របសម្រួល មិនបានដោះស្រាយបញ្ហានានាដែលកើតមានឡើង។ ទី៤. ពិនិត្យឡើងវិញអំពីដំណើរការ នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សក្នុងរយៈពេលដើមឆ្នាំ២០២៦ នេះ និងពិនិត្យមើលសភាពការណ៍ទូទៅនៅកម្ពុជា និងទិសដៅការងារដែលត្រូវសហការបន្តទៀតនៅពេលខាងមុខ ជាពិសេសក្នុងដំណើរការឆ្ពោះទៅចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ខាងមុខនេះ។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានថ្លែងថា សម្ព័ន្ធភាពគណបក្សនយោបាន គឺបីខែប្រជុំម្តងជាមួយឯកឧត្តម សោម សឿន ប្រធានក្រុមការងារសម្របសម្រួល នៃគណបក្សនយោបាយសម្ព័ន្ធ។ ហើយប្រជុំមួយឆ្នាំម្តងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយរាល់បីខែ គឺមានរបាយការណ៍របស់គណបក្សនយោបាយនិមួយៗ ដើម្បីផ្តល់យោបល់ទៅគណបក្សសម្ព័ន្ធភាពដើម្បីរៀបចំគោលនយោបាយសម្រាប់អនុវត្តនៅអាណត្តិក្រោយ។
លោកជំទាវបានបញ្ជាក់ថា ៖ “សម្ព័ន្ធភាពនេះ គឺជាសម្ព័ន្ធភាពដ៏រឹងមាំសម្រាប់ដឹកនាំប្រទេសកម្ពុជា និងផ្តល់យោបល់ជាច្រើននៅចំណុចខ្វះខាត ចំណុចណាដែលត្រូវកែ គឺយើងកែ ផ្តល់យោបល់ជូនថ្នាក់ដឹកនាំកែសម្រួល កន្លែងណាដែលបានអភិវឌ្ឍន៍រីកចំរើន យើងក៏លើកអំពីគុណភាព និងភាពវិជ្ជមាន និងអវិជ្ជមាន គឺយើងយកមកជជែកគ្នាក្នុងរាល់បីខែម្តង។ ដូច្នេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺមានពេញលេញតែម្តង”។
ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា សម្ព័ន្ធភាពគណបក្សនយោបាយមានការរៀបចំ គឺដើម្បីពង្រឹងនៅសម្ព័ន្ធភាពឲ្យមានភាពរឹងមាំក៏ដូចជាឆ្លុះបញ្ចាំងនៅការការជួយតាមដានក៏ដូចជាការអនុវត្តឲ្យស្របទៅតាមកិច្ចព្រមព្រៀងនៅក្នុងបទបញ្ជាផ្ទៃក្នុង និងបង្ហាញពីវឌ្ឍនភាពនៃសម្ព័ន្ធភាពនៅក្នុងកិច្ចការងារនយោបាយស្តីអំពីការចេះជួយគ្នានៅក្នុងគ្រាមួយដែលកំពុងតែជួបនៅបញ្ហា។ ជាក់ស្តែងដូចជាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែរង់ការឈ្លានពានពីប្រទេសថៃ។ ដូច្នេះទាំងអស់គ្នាជាអ្នកនយោបាយ ក៏ត្រូវតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នៅព័ត៌មានដែលមានចេតនាញុះញង់ស្មារតីរបស់ប្រជាពលរដ្ឋឲ្យជឿទៅលើរឿងដែលមិនពិត រឿងដែលប្រឌិតធ្វើឲ្យបែកបាក់សាមគ្គីខ្មែរនិងខ្មែរ និងធ្វើឲ្យបែកបាក់សាមគ្គីស្មារតីអ្នកនយោបាយជាតិនិយមទាំងអស់គ្នា។
ឯកឧត្តមបានបញ្ជាក់ថា ៖ “ជាអ្នកនយោបាយ គឺខ្ញុំគាំទ្រលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមគាំទ្រនៅគ្រប់ចំណាត់ការទាំងអស់ ពីព្រោះទាំងអស់នេះ គឺដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋ មិនមែនដើម្បីបុគ្គលទេ”។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ សម្ព័ន្ធភាពរវាងបក្សនយោបាយទាំង២៨ គឺមានគោលដៅយូរអង្វែង សម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វង្ស សុភាព












-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា