Connect with us

ព័ត៌មាន

នគរបាលពង្រឹងការចុះអប់រំណែនាំអ្នកបើកបរល្មើសច្បាប់ ខណៈការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញកាន់តែជិតមកដល់

នគរបាលចរាចរណ៍រាជធានីភ្នំពេញ បន្តពង្រឹងការចុះអប់រំណែនាំដល់អ្នកបើកបរល្មើសច្បាប់ទាំងឡាយ ខណៈការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញជាថ្មី កាន់តែគៀកមកដល់ ។

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញជាថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីមានគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី តបតាមសំណើររបស់ប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្របពេលដែលកំណើន នៃគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ ពិសេសបានឆក់យកអាយុជីវិតពលរដ្ឋអ្នកដំណើរជាច្រើន ជារៀងរាល់ថ្ងៃ ។

អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានបន្តចុះផ្សព្វផ្សាយអប់រំណែនាំជាប្រចាំ លើពលរដ្ឋអ្នកដំណើរដែលបើកបរល្មើសច្បាប់ទាំងឡាយ ឲ្យចូលរួមគោរពច្បាប់ ដើម្បីកាតបន្ថយបានពីគ្រោះថ្នាក់ ។

ថ្មីៗនេះ កម្លាំងជំនាញ បានចុះអប់រំលើអ្នកបើកបររថយន្តដឹកទំនិញទាំងឡាយ ដែលដឹកសំពីងសំពោង លើសល្បើសចំណុះ ដែលជាកត្តាប្រឈមខ្ពស់មួយក្នុងការបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុអាចកើតឡើងគ្រប់ពេល ។ ទៀតសោត កត្តាដឹកលើចំណុះបែបនេះ ក៏បង្កឲ្យមានការកកស្ទះតាមដងផ្លូវផងដែរ ។

ពលរដ្ឋ គាំទ្រការអនុវត្តតាមរយៈការអប់រំនៅពេលនេះ និងគាំទ្រចំពោះការអនុវត្តច្បាប់ឡើងវិញជាថ្មីនៅពេលឆាប់ៗខាងមុខ ដែលជាផ្នែកសំខាន់ជួយទប់ស្កាត់បានពីគ្រោះថ្នាក់ ព្រោះគ្រោះថ្នាក់ចរាចរណ៍មិនមែនកើតឡើងដោយសារនគរបាលអនុវត្តច្បាប់នោះឡើយ គឺកើតឡើងពីការមិនចូលរួមគោរពរបស់អ្នកដំណើរគ្រប់គ្នា ។

ផ្អែកតាមរបាយការណ៍ផ្លូវការណ៍របស់នាយកដ្ឋានជំនាញ បញ្ជាក់ថា ៖ ក្នុងរយៈពេលក្រោយមកនេះ ក្នុងមួយថ្ងៃៗ ករណីគ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតពលរដ្ឋចន្លោះពី៤ ទៅ៥នាក់ជារៀងរាល់ថ្ងៃ ក្នុងក្របខណ្ឌនៅទូទាំងប្រទេសនិយាយជារួម ដោយឡែកសម្រាប់រាជធានីភ្នំពេញ ស្ទើរតែមានម្នាក់ស្លាប់ជាប្រចាំថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនកើតឡើងដោយកត្តា បើកបរល្មើសល្បឿន ,វ៉ាជែងមិនគោរពសិទ្ធិអាទិភាព , បើកបរឋិតក្រោមឥទ្ធិពល នៃជាតិស្រវឹង និងកត្តារថយន្តដឹកទំនិញធ្ង់ៗលើសចំណុះជាដើម ៕ អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia