ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដល់ពលរដ្ឋ នៅតំបន់ជាយដែន
បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខា បានបន្តចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន ដឹកនាំអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសហគមន៍មានសុខភាពល្អ ជូនដល់ប្រជាពលរដ្ឋមកពីភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។វគ្គនេះត្រូវបានសម្របសម្រួលដោយ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមានការចូលរួមពីលោក លោកស្រី មន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុបប្រមាណជិត ៦០នាក់។ វគ្គផ្សព្វផ្សាយនេះឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ICRC) តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
បេីតាមលោក យ៉ាន ឧត្តម បានឱ្យដឹងថាការផ្សព្វផ្សាយនេះធ្វេីឡេីងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ,ការលើកកម្ពស់សុខភាព អនាម័យ និងការបង្ការជំងឺឆ្លងនិងមិនឆ្លង ,សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាព,ការលើកកម្ពស់បរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកនិងការយល់ដឹងអំពីជំងឺគ្រុនឈាម។
លោក យ៉ាន ឧត្តម បានលើកឡើងថា ទោះបីជាកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញក៏ដោយ ក៏ផលវិបាកបន្សល់ទុកពីសង្គ្រាម ដូចជាគ្រាប់មីន និងសំណល់ជាតិផ្ទុះ គឺនៅតែបន្តជាការគំរាមកំហែង និងជាហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ព្រមទាំងក្នុងបរិបទស្ថានភាពតានតឹង និងជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ ក្រុមការងារបានអប់រំផ្សព្វផ្សាយអំពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដោយពង្រឹងការអនុវត្ត «៣កុំ ៣បំបាត់» ចុះពិនិត្យ និងលុបបំបាត់ជម្រកមូសខ្លា ព្រមទាំងលើកទឹកចិត្តឱ្យសហគមន៍ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថានស្អាត ដើម្បីកាត់ផ្តាច់ការចម្លងជំងឺ។
លោកបានបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនមែនជាកាតព្វកិច្ចរបស់វិស័យសុខាភិបាលតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ គ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមរបស់មនុស្សគ្រប់គ្នា គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារកុមារ និងសហគមន៍ឱ្យរួចផុតពីជំងឺគ្រុនឈាម៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣