ព័ត៌មាន
ក្រសួងការងារ និងអង្គការ IOM ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារនៃគម្រោង ការស្តារជីវភាព និងធ្វើសមាហរណកម្មឡើងវិញរបស់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងពិភាក្សាពីវិធានការ ក្នុងការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច-សង្គមឡើងវិញ ភាពមានការងារធ្វើ ការទទួលស្គាល់ជំនាញពីមុន និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី នេលី ហ្កូសៃនី ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាង IOM និងកម្ពុជា ជាពិសេសផ្នែកទេសន្តរប្រវេសន៍ការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការអភិវឌ្ឍជំនាញ ការផ្តល់ឱកាសការងារ ការគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការគាំទ្រក្នុងការបង្កើតអាជីវកម្មធុនតូចនិងមធ្យម។
ឯកឧត្តមបានលើកឡើងថា កន្លងមកទោះបីមានអតីតជនទេសន្តរប្រវេសន៍ខ្មែរ វិលត្រឡប់មកវិញ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការមានវិធានការយ៉ាងឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការទទួល ការការពារ ការធ្វើសមាហរណកម្មចូលទីផ្សារការងារ និងផ្តល់ឱកាសការងារដល់មូលដ្ឋានសម្រាប់ពួកគាត់។ ជាមួយការគាំទ្រពី IOM ក្រសួងក៏បានរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន និងផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លីដោយឥតគិតថ្លៃ ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានាផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីសេចក្តីព្រាងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ ដែល IOM នឹងផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំគោលនយោបាយឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ការប្រើប្រាស់កម្លាំងពលកម្មបរទេសនៅកម្ពុជា ក៏ដូចជាយន្តការរបស់កម្ពុជាក្នុងការទប់ស្កាត់ការជួញដូរកម្លាំងពលកម្មក្នុងបទល្មើសអនឡាញ ក៏ត្រូវបានលើកយកមកជជែក និងទទួលបានការកោតសរសើរពីសំណាក់ភាគី IOM ផងដែរ។
ជាការឆ្លើយតប លោកស្រី នេលី ហ្កូសៃនី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការ ដោយលោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការបន្តកិច្ចសហការជាមួយក្រសួង ដោយនឹងជួយបន្តផ្សព្វផ្សាយអំពីឱកាសការងារទៅតាមមូលដ្ឋាននានា និងបន្តផ្ដល់ការគាំទ្រដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ ជាពិសេសក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លី និងបង្កើតមុខរបរនៅក្នុងខេត្តគោលដៅសំខាន់ៗនៅជាប់ព្រំដែន៕









-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា