ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម បន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ បន្ថែមទៀត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល៦ខែបន្ថែមទៀត ហើយ ក្រសួងបានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំឱ្យបានទាន់ពេលវេលាតាមការកំណត់។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដោយទទួលបានសំណូមពរជាបន្តបន្ទាប់ និងសង្កេតឃើញពីភាពចាំបាច់របស់ក្រុមហ៊ុន ដែលមានបំណងបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ប៉ុន្តែមានការខកខានមកបំពេញមិនទាន់កាលបរិច្ឆេទ ដូចដែលធ្លាប់បានជូនដំណឹងកន្លងមកតាមរយៈសេចក្តីជូនដំណឹងលេខ ០០៥១ ព.ណ.ចបព ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពី ការលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ឱ្យមកបំពេញកាតព្វកិច្ចរហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ការណ៍នេះនាំឱ្យក្រសួងពាណិជ្ជកម្ម បានសម្រេចបន្តលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល ៦ ខែបន្ថែមទៀត ដោយត្រូវបំពេញលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
ទី១-ត្រូវបង់ប្រាក់ពិន័យមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់រយៈពេល ១ ឆ្នាំចុងក្រោយ និងបង់កម្រៃសេវាតម្កល់ ប្រតិវេទន៍ប្រចាំឆ្នាំ តាមចំនួនឆ្នាំដែលមិនបានបង់ជាក់ស្តែង ក្នុងអំឡុងពេល ៦ ខែចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។
ទី២- ត្រូវចូលរួមក្នុងការត្រួតពិនិត្យសាវតាររូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុន (Background Check) ដើម្បីរួមចំណែកក្នុងការ ពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។ ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុនស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ឱ្យបានទាន់ពេលវេលាតាមការកំណត់។ ក្នុងករណីមានបញ្ហាបច្ចេកទេសក្នុងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំក្នុងប្រព័ន្ធចុះបញ្ជី សូមទំនាក់ ទំនងមកក្រុមការងារចំពោះកិច្ចតាមរយៈប្រព័ន្ធទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ (សូមចុចលេខ ២ សម្រាប់ ការងារចុះបញ្ជីពាណិជ្ជកម្ម) ដើម្បីក្រុមការងារជួយដោះស្រាយជូនបានទាន់ពេលវេលា និងសូមម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ចូលរួម អនុវត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលើកលែងការពិន័យ និងអនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីសហគ្រាសភាណិជ្ជកម្ម។
សូមបញ្ជាក់ថា ការពិន័យប្រតិវេទន៍ប្រចាំឆ្នាំ គឺប្រាក់ផាកពិន័យដែលក្រុមហ៊ុនពាណិជ្ជកម្មត្រូវបង់ឱ្យ ក្រសួងពាណិជ្ជកម្ម នៅពេលខកខាន ឬយឺតយ៉ាវមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ (Annual Return) របស់ខ្លួនតាមកាលកំណត់។ ប៉ុន្តែ រាជរដ្ឋាភិបាលនិង ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តគោលនយោបាយលើកលែងដោយអនុញ្ញាតឱ្យបង់ប្រាក់ពិន័យត្រឹមតែ ១ឆ្នាំចុងក្រោយ ប៉ុណ្ណោះ។

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣