ព័ត៌មាន
ក្រសួងប្រៃសណីយ៍ អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមបណ្ដាញសង្គមនានា ក្រោមរូបភាព “មើលវីដេអូដើម្បីទទួលបានប្រាក់”
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយតាមរយៈ Facebook, TikTok និងបណ្ដាញសង្គមផ្សេងៗដែលអះអាងថា លោកអ្នកអាចទទួលបានទឹកប្រាក់ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំ។ នេះបើយោងតាមសេចក្ដីជូនដំណឹងបន្ទាន់របស់ ក.ប.ទ.។
ក្រសួងប្រៃសណីយ៍បានបន្តឲ្យដឹងទៀតថា ជនខិលខូចអាចប្រើប្រាស់ការផ្សព្វផ្សាយទាំងនេះ ក្នុងបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ចូលរួមក្រុម (Join group) ទាក់ទងទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយបញ្ចូលព័ត៌មានគណនីធនាគារដើម្បីទទួលបានប្រាក់។ បន្ទាប់មក ជនខិលខូចអាចណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ (Malware) ណាមួយ ដែលអាចមានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងអាចលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខកូដ OTP លេខសម្ងាត់ (PIN) និងពាក្យសម្ងាត់(Password)។ ជនខិលខូចអាចប្រើប្រាស់ព័ត៌មាន ឬសិទ្ធិទាំងនោះ ដើម្បីលួចប្រាក់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតពីម្ចាស់គណនី ដែលអាចបណ្ដាលឱ្យជនរងគ្រោះបាត់បង់ប្រាក់ពីគណនីដោយមិនដឹងខ្លួន។
ដើម្បីការពារខ្លួនពីហានិភ័យខាងលើសូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖
– ត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
– ត្រូវអាន និងពិនិត្យសិទ្ធិដែលកម្មវិធីស្នើសុំឱ្យបានច្បាស់លាស់មុនពេលចុច “យល់ព្រម” ឬ “អនុញ្ញាត”។
– កុំចុចលើតំណភ្ជាប់ ឬទាញយក និងដំឡើងកម្មវិធី ឬអនុវត្តតាមការណែនាំណាមួយ តាមរយៈការផ្សព្វផ្សាយ ពីប្រភពមិនច្បាស់លាស់។
– កុំភ្ជាប់គណនីធនាគារ ជាមួយកម្មវិធីដែលមិនគួរឱ្យទុកចិត្ត ឬមិនស្គាល់ប្រភព។
– កុំផ្តល់ព័ត៌មានសម្ងាត់ ដូចជាលេខសម្ងាត់ (PIN) ,លេខកូដ OTP ពាក្យសម្ងាត់ (Password) ឬព័ត៌មានគណនីធនាគារ តាមការស្នើសុំរបស់កម្មវិធី ឬជនមិនស្គាល់
ប្រសិនបើលោកអ្នកបានទាញយក ឬដំឡើងកម្មវិធីដែលគួរឱ្យសង្ស័យ សូមអនុវត្តវិធានដូចខាងក្រោម៖
– ទាក់ទងទៅកាន់ធនាគារភ្លាមៗ ដើម្បីបិទ ឬបង្កកគណនី ឬកាតរបស់អ្នក។
– រាយការណ៍ទៅកាន់អង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti-Cyber Crime) ដើម្បីចាត់វិធានការស៊ើបអង្កេត និងស្វែងរកដំណោះស្រាយជូនជនរងគ្រោះ។
– លុបកម្មវិធី (App) ឬ APK ចេញពីទូរស័ព្ទ ឬឧបករណ៍របស់អ្នកភ្លាមៗ។
– រក្សាទុកភស្តុតាង ដូចជា Screenshot, ឈ្មោះកម្មវិធី (App)ឬ APK និងប្រវត្តិប្រតិបត្តិការទាំងអស់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយដែលទទួលបានពីជនខិលខូច ព្រមទាំងចៀសវាងការអនុវត្តតាមការណែនាំ ឬការទាញយក និងដំឡើងកម្មវិធីពីប្រភពដែលមិនអាចផ្ទៀងផ្ទាត់បាន៕


-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា