ព័ត៌មាន
អាជ្ញាធររំពឹងប្រាសាទភ្នំដា ទាក់ទាញកំណើនភ្ញៀវទេសចរកាន់តែច្រើន ក្រោយព្រឹត្តិការណ៍ជិះកង់ដើម្បីផ្សព្វផ្សាយសក្ដានុពលតំបន់ប្រវត្តិសាស្ដ្រនេះ
ព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា លើកដំបូង ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ស្រុកអង្គរបូរី ខេត្តតាកែវ បានបញ្ចប់ដោយជោគជ័យ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៨០០នាក់ ដោយមានការអញ្ជើញចូលរួមពិធីបើក និងចូលរួមជិះកង់ជូនដំណើរពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រមទាំងទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក្រោយក្បួនកក់ធ្វើដំណើរដល់គោលដៅ ប្រកបដោយសុវត្ថិភាព។

ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ រៀបចំដោយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា នៃគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ ក្រោមមូលនិធិឥតសំណងរបស់មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងក្របខណ្ឌ គម្រោងតេជោភូមិ១០០ ក្រោមកិច្ចសហការពីក្លិបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងគោលបំណងគោលផ្សារភ្ជាប់រវាងកីឡា បេតិកភណ្ឌ ធម្មជាតិ បរិស្ថាន និងសហគមន៍។

ឯកត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចាត់ទុកនេះគឺជាផលិតផលថ្មីមួយទៀត ក្នុងក្របខណ្ឌគម្រោងតេជោភូមិ១០០ ដោយមានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញពីសក្ដានុពលវិស័យទេសចរណ៍ ក៏ដូចជាទឹកចិត្តស្រលាញ់តំបន់ប្រវត្តិសាស្ដ្រភ្នំដា ដែលជាប្រយោជន៍រួមសម្រាប់សហគមន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្រោយព្រឹត្តិការណ៍នេះ ឯកឧត្តមរំពឹងនឹងមានកំណើនភ្ញៀវទេសចរណ៍ច្រើន ដូច្នេះគណៈសហគមន៍ និងប្រជាពលរដ្ឋ ត្រូវត្រៀមផ្ដល់នូវការទទួលបដិសណ្ឋារកិច្ច និងសេវាផ្សេងៗឲ្យបានល្អ ក្នុងការស្វាគមន៍ភ្ញៀវជាតិ និងអន្ដរជាតិនានា។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ បានលើកឡើងថា រាល់ព្រឹត្តិការណ៍ តែងទទួលបានការគាំទ្រថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ជាក់ស្ដែងព្រឹត្តិការណ៍ជិះកង់នេះ ជាសក្ដានុពលថ្មីមួយក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ទូទាំងប្រទេស និងជំរុញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិឲ្យធ្វើដំណើរកម្សាន្ដបានគ្រប់រដូវ ពិសេសរដូវកាលបៃតង។ ព្រឹត្តិការណ៍នេះ មិនត្រឹមផ្សព្វផ្សាយតំបន់ទេសចរណ៍ភ្នំដា តែបានផ្សារភ្ជាប់ការផ្សព្វផ្សាយទេសចរណ៍តាមតម្រាយផ្លូវពីភ្នំពេញ ដល់ភ្នំដា ហើយក៏បានរួមចំណែកលើកកម្ពស់បរិស្ថាន តាមរយៈការដាំកូនឈើ ស្របតាមយុទ្ធនាការរដូវកាលបៃតង និងការចូលរួមការងារមនុស្សធម៌ទៀតផង។

ជាមួយគ្នាលោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី និងជាប្រធានអង្គភាពអនុវត្តគម្រោង នៃគម្រោងតេជោភូមិ១០០ បានសម្ដែងក្ដីរីករាយ ក្នុងនាមអាជ្ញាធរ និងសហគមន៍ ចំពោះការគាំទ្ររបស់ថ្នាក់ដឹកនាំ ហើយមានការចូលរួមយ៉ាងផុសផុសពីក្រុមអ្នកជិះកង់ ដែលពិតជាបានរួមចំណែកជំរុញឲ្យភ្ញៀវទេសចរណ៍បានស្គាល់ និងស្វែងយល់កាន់តែច្បាស់ពីសក្ដានុពល និងភូមិសាស្ដ្រ នៃទឹកដីដ៏ចំណាស់នេះ ។

ទន្ទឹមជាមួយគ្នាលោក ឈួន សុភ័ក្រសាដា ប្រធានក្លឹបអូដាកកម្ពុជា បានបង្ហាញនូវមោទនភាព ដែលសកម្មភាពក្លិប និងការចូលរួមរបស់សមាជិក បានបំផុសសកម្មភាពកីឡាលើសពីសុខភាព តែបានចូលរួមជាប្រយោជន៍ដល់សង្គមជាតិ ទាំងទេសចរណ៍ បរិស្ថាន និងសប្បុរសធម៌ជាដើម។ ក្នុងនាមក្លិបសមាជិកនៃក្លិបអូដាកអន្ដរជាតិ លោកសង្ឃឹមថា រូបភាពនៃព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដានេះ នឹងត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក តាមរយៈបណ្ដាក្លិបសមាជិកជាង ១០០ប្រទេសលើពិភពលោក។
ជាមួយភាពជោគជ័យ នៃព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា លើកដំបូងនេះ ពិតជាបានផ្សារភ្ជាប់ជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា បានបង្ហាញពីការរួមបញ្ចូលគ្នារវាង កីឡា ទេសចរណ៍ ការអប់រំ សកម្មភាពសង្គម និងការអភិរក្សបរិស្ថាន ព្រមទាំងជាវេទិកាផ្សព្វផ្សាយសក្តានុពល និងតម្លៃទេសចរណ៍សហគមន៍ ព្រមទាំងរួមចំណែកបង្កើនការយល់ដឹង និងការចូលរួមរបស់សាធារណជន ព្រមទាំងបើកចក្ខុវិស័យថ្មីក្នុងការប្រើប្រាស់កីឡាជាកម្លាំងជំរុញ ទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍ប្រកបដោយចីរភាព ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕ អត្ថបទ លី ឈុនឡា










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន6 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ